ផ្សារទំនើបល្បីៗ របស់ថៃ Siam Paragon, Siam Center, Siam Discovery និង ICONSIAM ត្រៀមរួចរាល់ហើយដើម្បីបើកដំណើរការឡើងវិញ
អាជីវកម្ម September 1, 2021 Khmernote

ផ្សារទំនើបល្បីៗ របស់ប្រទេសថៃរួមមាន Siam Paragon, Siam Center, Siam Discovery និង ICONSIAM ត្រៀមខ្លួនរួចជាស្រេចដើម្បីបើកដំណើរឡើងវិញ។ ការបើកដំណើរការឡើងវិញនេះ គឺគោរពតាមសេចក្តីប្រកាសថ្មីរបស់មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ របស់ប្រទេសថៃនាពេលថ្មីៗនេះ ដែលអនុញ្ញាតឱ្យអាជីវកម្មជាច្រើនបើកដំណើរការឡើងវិញ ដើម្បីឱ្យប្រជាជនអាចស្តារជីវិតរស់នៅធម្មតារបស់ពួកគេតាមដែលអាចធ្វើទៅបាន។

ជាមួយគ្នានោះ ក្រុមហ៊ុន OneSiam មេធំនៃផ្សារទំនើប Siam Paragon, Siam Center, Siam Discovery និង ICONSIAM ឥឡូវនេះបានត្រៀមខ្លួនបើកដំណើរការឡើងវិញហើយ ក្រោមវិធានការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩ កម្រិតខ្ពស់បំផុត។ ផែនការបើកដំណើរការឡើងវិញត្រូវបានដាក់ចេញក្រោមគំនិត “ឆ្ពោះទៅមុខទាំងស្នាមញញឹម” ដែលមុនស្សទាំងអស់គ្នានឹងទទួលយកភាពថ្មីថ្មោងជាមួយគ្នា។

អនុប្រធានប្រតិបត្តិជាន់ខ្ពស់-ប្រតិបត្តិការក្រុមហ៊ុន Siam Piwat Co. , Ltd លោក Naratipe Ruttapradid បានមានប្រសាសន៍ថា Siam Paragon, Siam Center និង Siam Discovery បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបើកដំណើរការឡើងវិញ។ គួរបញ្ជាក់ផងដែរថា ការបើកដំណើរការឡើងវិញនេះ ត្រូវបានដំណើរការក្រោមវិធានការអនាម័យ និងសុវត្ថិភាពខ្ពស់បំផុត ដោយអនុលោមតាម មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានការណ៍កូវីដ-១៩ (CCSA) ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដូច្នេះអាជីវកម្មនិងសកម្មភាពនានាអាចបន្តប្រកបដោយនិរន្តរភាព និងប្រកបដោយសុវត្ថិភាព៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand