ខេត្តកំពង់ធំ គ្រោងនឹងបើកឱ្យដំណើរការផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ឡើងវិញ នៅថ្ងៃស្អែកនេះ
អាជីវកម្ម September 1, 2021 Khmernote

រដ្ឋបាលខេត្តកំពង់ធំ នឹងបើកឱ្យដំណើរការផ្សារកំពង់ធំ ផ្សារស្ទឹងសែន និងផ្សារក្បាលថ្នល់ឡើងវិញ ក្រោយពីបានផ្អាកជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ.១៩ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំនាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះ។

ជាមួយគ្នានេះរដ្ឋបាលខេត្ត ក៏បានបញ្ជាក់ថា អាជ្ញាធរខេត្តនឹងធ្វើការបាញ់ថ្នាំសម្លាប់មេរោគនៅក្នុង និងជុំវិញបរិវេណផ្សារទាំង៣ខាងលើនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ មុននឹងដាក់ឱ្យដំណើរការជាធម្មតាឡើងវិញ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ។

ទន្ទឹមនិងនោះ រដ្ឋបាលខេត្ត បានដាក់ចេញវិធានការទប់ស្កាត់ជាបន្តបន្ទាប់សំដៅកាត់ផ្តាច់ការរីករាលនៃជំងឺកូវីដ.១៩ ដែលឆ្លងក្នុងចំណោមអាជីវករលក់ដូរក្នុងផ្សារ ។ បន្ទាប់ពីបានយកសំណាកបងប្អូនអាជីវករ និងអ្នកពាក់ព័ន្ធ និងធ្វើតេស្តរក មេរោគកូវីដ.១៩ ចំនួន០៣លើករួចមក យើងសង្កេតឃើញថា ស្ថានភាពនៃការរីករាលដាល ត្រូវបានគ្រប់គ្រងទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលនឹងឈានទៅដល់ការដាក់ឱ្យដំណើរការ ផ្សារទាំង០៣ឡើងវិញបាន ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ក្រើនរំលឹកដល់បងប្អូនអាជីវករលក់ដូរក្នុង និងជុំវិញផ្សារត្រូវ រៀបចំឱ្យមានសណ្តាប់ធ្នាប់ និងរក្សាអនាម័យតូបរបស់ខ្លួនជាប្រចាំជាពិសេសត្រូវពាក់ម៉ាស រក្សាគម្លាតបុគ្គល ឱ្យបានត្រឹមត្រូវ និងលាងដៃនឹងអាល់កុល ឬជែលសម្លាប់មេរោគឱ្យបានញឹកញាប់។ លើសពីនេះទៀត រដ្ឋបាលខេត្តក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ និងចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ជាពិសេសវិធានការ «៣ការពារ និង៣កុំ» ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ ៕

ប្រភព៖ ក្រសួងព័ត៌មាន