ក្រសួងពាណិជ្ជកម្ម ស្នើដល់អ្នកផលិតក្នុងស្រុក ពង្រឹងគុណភាព ស្ដង់ដារផលិតផលរបស់ខ្លួនដើម្បីដាក់លក់លើទីផ្សារ Franchise
អាជីវកម្ម September 1, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងសទី១ ខែកញ្ញា នេះបានឱ្យដឹងថា​ ក្រសួងពាណិជ្ជកម្មបានស្នើដល់អ្នកផលិតក្នុងស្រុកត្រូវពង្រឹងគុណភាពស្ដង់ដារ ផលិតផលរបស់ខ្លួនឱ្យមានគុណភាពល្អ ដើម្បីដាក់លក់លើទីផ្សារ Franchise បរទេស ខណៈដែលបច្ចុប្បន្ននេះ ក្រសួងក៏កំពុងជំរុញឱ្យផ្សារ Franchise បរទេសចូលមកកម្ពុជា ដាក់លក់ផលិតផលខ្មែរផងដែរ ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលណាផលិតផលរបស់ខ្មែរ មានគុណភាពល្អ, មានគ្រប់តម្រូវការ និងមាននិរន្ដរភាពនៃការផ្គត់ផ្គង់ មិនយូរមិនឆាប់នោះទេ ផលិតផលខ្មែរនឹងមានកេរ្ដិ៍ឈ្មោះល្អ ព្រមទាំងមានការចាប់អារម្មណ៍យ៉ាងច្រើនពីសាធារណជន ជាពិសេសនឹងមានការ បញ្ជាទិញពីផ្សារ Franchise បរទេស ជាមិនខាន ។

ឯកឧត្តម បានបន្តថា កម្ពុជាតែងតែជំរុញឱ្យទីផ្សារទាំងនោះ (Franchise បរទេស) ទទួលលក់នូវផលិតផលកម្ពុជា ជាក់ស្ដែងចំពោះទំនិញស្រស់ដូចជាបន្លែ ផ្លែឈើ និងអាហារ កែច្នៃខ្លះ មិនអាចនាំចូលបាន នោះទេ ច្បាស់ជាត្រូវការទិញពីប្រជាកសិករនៅកម្ពុជាហើយ ។

ឯកឧត្តម បានលើកឧទាហរណ៍ផ្សារម៉ាក្រូ ដែលបានទទួលទិញបន្លែផ្លែឈើ ត្រីសាច់ គ្រឿងសមុទ្រពីកម្ពុជា ដោយមិនបាន បញ្ជាទិញទាំងស្រុងពីប្រទេសថៃឡើយ។ ដូចគ្នានឹងផ្សារទំនើប 7-Eleven ក៏នឹងទទួលក់ផលិតផលខ្មែរផងដែរ ។

ឯកឧត្តមបានបន្តទៀតថា ប្រទេសកម្ពុជាមានសុខសន្ដិភាព ទីផ្សារមានស្ថិរភាព ទើបធ្វើឱ្យអាជីវកម្មមានឈ្មោះល្បីៗជាច្រើន លើពិភពលោក បាននាំគ្នាចាប់អារម្មណ៍លើទីផ្សារកម្ពុជា ដែល នេះ ជាមោទនភាពរបស់កម្ពុជា ហើយកម្ពុជាក៏មិនភ្លេចផងដែរ ចំពោះការជំរុញឱ្យទីផ្សារបរទេស ទទួលទិញផលិតផលខ្មែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន