ជិតដំណើរការមែនទែនហើយ! ផ្សារទំនើប Big C បង្ហាញតម្រុយថ្មី ថា Mini Big C នឹងបើកនៅភ្នំពេញឆាប់ៗនេះ
អាជីវកម្ម August 31, 2021 Khmernote

ផ្សារទំនើប Big C ដែលជាផ្សារទំនើបឈានមុខគេមួយនៅក្នុងប្រទេសថៃ និងត្រូវបានបង្កើតឡើងជិត៣០ឆ្នាំ បានឈានជើងចូលក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៩។ ក្រោយបើកដំណើរការជាលើកដំបូងនៅលើទឹកដីប៉ោយប៉ែត ផ្សារដ៏ល្បីមួយនេះក៏បានប្រកាសពង្រីកខ្លួននៅលើទឹកដីខេត្តសៀមរាប និងក្រុងភ្នំពេញ។

យ៉ាងណាមិញ បើយោងតាមផេកផ្លូវការរបស់ផ្សារទំនើបប៊ីកស៊ី (Big C) ដែលបានចុះផ្សាយនាថ្ងៃទី៣១​ ខែសីហា ឆ្នាំ២០២១ នេះ បានបង្ហាញតម្រុយថា ផ្សារទំនើប Big C នឹងបើកដំណើរ មីនីប៊ីកស៊ី (Mini Big C) នៅក្នុងក្រុងភ្នំពេញឆាប់ៗនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរស់នៅក្នុងក្រុងភ្នំពេញ។ ប៉ុន្តែទោះជាយ៉ាងណាក្ដី ខាងផ្សារទំនើបប៊ីកស៊ី (Big C) មិនបានបង្ហាញពីកាលបរិច្ឆេទជាក់ស្ដែងនោះទេ។

គួរឱ្យដឹងផងដែរថា កាលពីខែមិនា ឆ្នាំ២០២១កន្លងទៅនេះ ផ្សារទំនើបប៊ីកស៊ី ( Big C ) បានប្រកាសជ្រើសរើសបុគ្គលិកបម្រើការងារនៅក្នុងទីក្រុងភ្នំពេញជាច្រើនតំណែង បន្ទាប់ពីបើកដំណើរជាលើកដំបូងនៅក្រុងប៉ោយប៉ែតទទួលបានជោគជ័យ៕

អត្ថបទ៖​ លីនី