យោងតាមការបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ 7-Eleven កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថា ម៉ាតដ៏ល្បីឈ្មោះមួយនៅលើពិភពលោក គឺ 7-Eleven បានប្រកាសបើកដំណើរការសាខាដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ម្ដុំជ្រោយចង្វារ។
សូមបញ្ជាក់ផងដែរថា កាលពីដើមខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន CP ALL បានរាយការណ៍ថា ក្រុមហ៊ុន CP All (Cambodia) Co.,LTD ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធបានចុះកិច្ចសន្យាផ្ដាច់សិទ្ធធំ នាំយកយីហោ 7-Eleven ចូលក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន 7-Eleven Inc រួចរាល់ហើយកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ដោយនឹងបើកដំណើរការហាងចំនួន ៧ នៅក្នុងប្រទេសកម្ពុជា ក្រោមកិច្ចសន្យា (កុងត្រា) បង្កើត និងប្រតិបត្តិការរយៈពេល ៣០ឆ្នាំ ហើយអាចបន្តកុងត្រា ២លើកទៀត។
ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំដដែល ក្រុមហ៊ុន CP All ដែលជាប្រតិបត្តិករក្នុងស្រុកនៃហាងលក់ទំនិញ 7-Eleven បានប្រកាសផ្អាកផែនការរបស់ខ្លួន ក្នុងការបើកដំណើរការហាង 7-Eleven នៅក្នុងប្រទេសកម្ពុជា និងឡាវវិញ ដោយសារការរាតត្បាតវីរុសកូវីដ-១៩ នៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរួមមានទាំងប្រទេសកម្ពុជា និងឡាវ៕
(រូបតំណាង)

អត្ថបទ៖ លីនី


