«សាវម៉ាវព្រៃ» ជាប្រភេទរុក្ខផលធម្មជាតិម្យ៉ាងដែលដុះក្នុងព្រៃភ្នំ និងព្រៃសហគមន៍។ ដើមរុក្ខជាតិមួយនេះ ជាប្រភេទវល្លិ ដុះឡើងតាមដើមឈើខ្ពស់ៗ មានដើមពីតូចដល់ធំ ស្លឹកវាស្រដៀងគ្នានឹងសាវម៉ាវស្រុកដែរ និងមានផ្លែប៉ុនសាវម៉ាវស្រុកដែរ តែមានរាងវែងបន្តិច និងមានរសជាតិជូរផ្អែម។ សាវម៉ាវព្រៃនេះ វាផ្លែទៅតាមរដូវកាល គឺចាប់ពីខែសីហា ដល់ខែតុលា។
លោក អ៊ិន សៅ សមាជិកសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍ ស្ថិតនៅឃុំខ្នារពោធិ៍ ស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា សាវម៉ាវព្រៃ គឺជាផ្លែឈើព្រៃមួយប្រភេទដែលអាចបរិភោគបាន ប៉ុន្តែមិនសូវមានអ្នកស្គាល់ និងបានបរិភោគនោះទេ ហើយក៏មិនមានអ្នកបេះយកទៅលក់នៅតាមទីផ្សារឱ្យទូលំទូលាយដែរ។ កន្លងមកនេះ ប្រជាសហគមន៍បានបេះសាវម៉ាវព្រៃនេះ សម្រាប់តែបរិភោគខ្លួនឯង និងលក់ខ្លះៗដល់ភ្ញៀវទេសចរមកកម្សាន្តនៅក្នុងសហគមន៍ប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ភ្ញៀវទេសចរចាប់ផ្តើមស្គាល់ និងបានបរិភោគផ្លែសាវម៉ាវនេះ កាន់តែច្រើនជាងមុន ហើយនឹងអាចធ្វើឱ្យប្រជាពលរដ្ឋបេះផ្លែឈើប្រភេទនេះ ទៅលក់នៅទីផ្សារផងដែរ។
លោកបានបន្តថា ប្រទេសកម្ពុជា មានធនធានធម្មជាតិដ៏សម្បូរបែប និងបានផ្តល់ប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ហើយការអភិរក្ស និងការពារព្រៃឈើ ជាពិសេសព្រៃសហគមន៍បានល្អ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនប្រាក់ចំណូលរបស់ប្រជាសហគមន៍ តាមរយៈការទទួលបានភ្ញៀវទេសចរ ការប្រមូលអនុផលព្រៃឈើដូចជា ទឹកឃ្មុំ ផ្សិត ផ្លែឈើព្រៃ ទៅតាមរដូវកាល ដូចជា ផ្លែគុយ សិរមាន់ សាវម៉ាវព្រៃ និងផ្លែកោណ ជាដើម។
លោក អ៊ិន សៅ បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សព្រៃឈើឱ្យបានល្អ ព្រោះវាបានផ្តល់ប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នា តាមរយៈរូបភាពផ្សេងៗគ្នា។
លោក សូត្រ គិមសុង ជាប្រជាពលរដ្ឋម្នាក់នៅភូមិជ្រៃ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបានធ្វើដំណើរទៅកម្សាន្ត នៅសហគមន៍អេកូទេសចរណ៍ព្រៃទឹកជប់ខ្នារពោធិ៍នេះ បានឱ្យដឹងថា នេះជាលើកទី១ហើយដែលលោកបានស្គាល់សាវម៉ាវព្រៃនេះ ដោយកន្លងមកលោកស្គាល់តែផ្លែឈើស្រុក ឥឡូវនេះលោកបានទៅកម្សាន្តនៅសហគមន៍បានស្គាល់ និងបានភ្លក់រសជាតិសាវម៉ាវនេះទៀត។ លោកគិតថា នៅមានផ្លែឈើព្រៃដែលអាចបរិភោគបានជាច្រើនទៀត ដែលរូបលោក ក៏ដូចជាយុវជនជំនាន់ក្រោយផ្សេងៗទៀតមិនទាន់បានស្គាល់ ។ លោកបានស្នើឱ្យប្រជាសហគមន៍ និងប្រជាពលរដ្ឋទូទៅចូលរួមការពារព្រៃឈើទាំងអស់គ្នា ព្រោះវាផ្តល់ប្រយោជន៍ជាច្រើនដល់យើងគ្រប់គ្នា៕


ប្រភព៖ ក្រសួងព័ត៌មាន


