ត្រឹមតែ ៨ខែ អាជីវកម្មជាង ៨៥,០០០ នៅក្នុងប្រទេសវៀតណាម បានផ្អាក និងបិទជាអចិន្រ្តៃយ៍ដោយសារជំងឺកូវីដ-១៩
អាជីវកម្ម August 31, 2021 Khmernote

ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំ២០២១នេះ អាជីវកម្មប្រមាណ ៨៥,៥០០ អាជីវកម្មនៅទូទាំងប្រទេសវៀតណាម បានផ្អាកប្រតិបត្តិការ ដែលកើនឡើង ២៤.៨% ធៀបនឹងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមការិយាល័យស្ថិតិទូទៅ (GSO)។ ការផ្អាកទាំងនេះ ស្ទើរតែ ១០០% គឺដោយសារជំងឺរាតត្បាតកូវីដ​-១៩ ខណៈការបន្តរាតត្បាតធ្ងន់ធ្ងរ និងវិធានការរក្សាគម្លាតក្នុងសង្គមបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មជាពិសេសនៅភាគខាងត្បូង។

ជាមួយគ្នានេះដែរ ការិយាល័យស្ថិតិទូទៅ (GSO) ក៏បានបង្ហាញថា ក្នុងចំណោមចំនួនខាងលើ អាជីវកម្មចំនួនពាក់កណ្ដាលបានផ្អាកប្រតិបត្តិការបណ្តោះអាសន្ន ខណៈដែលនៅសល់កំពុងជួបការលំបាករៀបឈប់ដំណើរការ ហើយមួយចំនួនទៀតកំពុងបញ្ចប់ ឬបានបញ្ចប់នីតិវិធីរំលាយអាជីវកម្មតែម្ដង។

គួរឱ្យដឹងថា បើតាមការិយាល័យស្ថិតិទីក្រុងបានឱ្យដឹងថា នៅទីក្រុងហូជីមិញ ប្រាក់ចំណូលរបស់ផលិតកម្មឧស្សាហកម្ម ការលក់រាយ និងសេវាកម្ម បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងខែសីហា ពីរយៈពេលដូចគ្នាកាលពីឆ្នាំមុននិងខែមុន។ ដែលនេះបណ្តាលមកពីរោងចក្រជាច្រើនត្រូវកាត់បន្ថយសមត្ថភាព ឬបញ្ឈប់ការងារ ដែលជាការរំខានដល់ការផ្គត់ផ្គង់វត្ថុធាតុដើម និងការលំបាកទាក់ទងនឹងទីផ្សារក្នុងស្រុកនិងនាំចេញ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand