ប្រជាជនវៀតណាម នាំគ្នាដាក់លក់អចលនទ្រព្យក្នុងតម្លៃខាត ដោយសារតែកូវីដរាតត្បាតប៉ះពាល់ដល់ហិរញ្ញវត្ថុ
អចលនទ្រព្យ August 30, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ប្រជាជនវៀតណាមដែលរស់នៅទីក្រុង ហូជីមិញ និងតំបន់ភាគខាងត្បូងនៃប្រទេសវៀតណាមកំពុងលក់អចលនទ្រព្យក្នុងតម្លៃខាត ដោយសារការលំបាកផ្នែកហិរញ្ញវត្ថុ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ-១៩។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា លោក Quoc នាពេលថ្មីៗនេះបានលក់អាផាតមិនមួយនៅទីក្រុង Thu Duc ក្នុងតម្លៃខាតជាង ១៣៣ លានដុង (៥,៨៥៥ ដុល្លារ) ឬ ៥%។ គាត់និងប្រពន្ធរបស់គាត់បានចំណាយ ៣៥% នៃថ្លៃដើម ប៉ុន្តែប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះ ៥៨% ដែលបង្ខំឱ្យពួកគេលក់អចលនទ្រព្យ។

ជាមួយគ្នានេះ លោក Tri នៅស្រុក Binh Chanh ក៏ស្ថិតក្នុងស្ថានភាពស្រដៀងគ្នាដែរ ដោយបានលក់អាផាតមិនរបស់គាត់ក្នុងតម្លៃខាតបង់ដល់ទៅចំនួន ២ពាន់លានដុង។ ការសម្រេចិត្តលក់ទាំងខាតនេះ គឺដោយសារការបាត់បង់ការងារ ព្រោះតែជំងឺរាតត្បាតហើយគាត់មិនអាចសងប្រាក់កម្ចីទិញផ្ទះបាន ទើបគាត់ត្រូវខាតបង់ប្រាក់ជាច្រើនរយលានដុង (១០០ លានដុង = ៤,៤០០ ដុល្លារ)។

ដោយឡែកម្ចាស់ដីកំពុងរងគ្រោះម្នាក់ទៀត គឺលោក ធូ រស់នៅក្នុស្រុក៧ ដែលជាម្ចាស់ដីឡូតិ៍ចំនួន ៤ នៅតំបន់ជុំវិញប៊ិញឌឿង ដុងណៃ ឡុងអាន និងបាវឡុក ថ្មីៗនេះបានលក់ដីពីរកន្លែងរបស់គាត់ ហើយខាតបង់ជិត ២០០ លានដុង។ លោកបាននិយាយថា៖ « ប្រសិនបើខ្ញុំអាចបន្តទប់ទល់នឹងការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ខ្ញុំអាចរកប្រាក់ចំណេញបាន ប៉ុន្តែមិនអាចនោះទេ ព្រោះឥលូវខ្ញុំត្រូវការប្រាក់”។

លោក Phan Cong Chanh នាយកប្រតិបត្តិក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Phu Vinh Group បាននិយាយថា វិនិយោគិនជាច្រើនកំពុងលក់ចេញក្នុងតម្លៃខាត ដោយសារប្រាក់ចំណូលកំពុងធ្លាក់ចុះ។ លោកបន្តថា វិនិយោគិនជាច្រើនមិនអាចបន្តទៀតបានទេ ហើយអចលនទ្រព្យអាចនឹងមានការកែតម្រូវនៅលើទីផ្សារក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែលោកបានបន្ថែមថា នេះគ្រាន់តែបណ្តោះអាសន្នប៉ុណ្ណោះហើយទីផ្សារមិនទាន់ឃើញមានការលក់ស្លន់ស្លោនៅឡើយទេ៕

អត្ថបទ៖ លីនី
ប្រភព៖​ vnexpress