យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានជូនដំណឹងដល់ក្រុមហ៊ុនពាក់ព័ន្ធដែលកំពុងធ្វើធុរកិច្ចលើផលិតផលម្ហូបអាហារ និងភេសជ្ជៈ ដើម្បីចូលរួម ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មអាស៊ានពីចម្ងាយនាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ តាមរយៈការផ្ញើផលិតផលទៅចូលរួមដាក់តាំងបង្ហាញ ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ដែលអាចផ្សព្វផ្សាយនិងការពង្រីកទីផ្សារនៅក្រៅប្រទេសបាន។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងអំឡុងពេលនៃការរៀបចំពិព័រណ៍ផលិតផលកាហ្វេអន្តរជាតិ នៅទីក្រុងសេអ៊ូល ជាព្រឹត្តិការណ៍កម្រិតអន្តរជាតិដ៏ធំនៅអាស៊ី មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សហការជាមួយស្ថានទូតនៃបណ្តាប្រទេស ជាសមាជិកអាស៊ានប្រចាំនៅប្រទេសកូរ៉េ នឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មអាស៊ាន ឆ្នាំ២០២១ (ASEAN Trade Fair2021) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។
ក្នុងឱកាសនេះ មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញក្រុមហ៊ុនកម្ពុជា ដែលកំពុងធ្វើធុរកិច្ចលើផលិតផលម្ហូបអាហារនិងភេសជ្ជៈ រួមទាំង ផលិតផលកាហ្វេ តែ និងបង្អែមចំនួន៦ ក្រុមហ៊ុន/សហគ្រាស ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើពីចម្ងាយ តាមរយៈការផ្ញើ ផលិតផលទៅចូលរួមដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ។
ក្រសួងពាណិជ្ជកម្ម ក្នុងនាមជាអ្នកសម្របសម្រួលជាមួយមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ សូមអញ្ជើញលោកឧកញ៉ា លោក លោកស្រី ដែលជា ពាណិជ្ជករ ផលិតករ និងសាធារណជនទូទៅដែលមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ខាងលើ សូមបំពេញបែបបទ ចុះឈ្មោះចូលរួមដោយឥតគិតថ្លៃចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ជាកំណត់ ៕

ប្រភព៖ ក្រសួងព័ត៌មាន


