ទីក្រុងហាណូយ អនុញ្ញាតឱ្យបើកផ្សារលក់ដុំ ១ កន្លែងឡើងវិញ ក្រោយបិទអស់ពេលជិត១ខែ
អាជីវកម្ម August 20, 2021 Khmernote

ផ្សារលក់ដុំ ១ ក្នុងចំណោមផ្សារចំនួន ៤ នៅទីក្រុងហាណូយ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញនៅថ្ងៃសុក្រនេះ បន្ទាប់ពីបិទជិតមួយខែដោយសារវិធានការគម្លាតសង្គម។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារលក់ដុំភាគខាងត្បូងក្រុងដែលស្ថិតក្នុងស្រុក Hoang Mai បានបើកដំណើរការឡើងវិញនៅពាក់កណ្តាលអធ្រាត្រថ្ងៃសុក្រ ដោយមានអ្នកលក់ប្រហែល ២៥០ នាក់ដែលជាចំនួនពាក់កណ្តាលនៃចំនួនអ្នកលក់សរុប។

សារព័ត៌មានដដែលបានឱ្យដឹងបន្ថែមថា អ្នកដឹកទំនិញក្នុងផ្សារនេះ ត្រូវយកលេខកូដ QR ផ្តល់នូវព័ត៌មានលម្អិតពីការបាញ់សម្លាប់មេរោគមុនចូលទីផ្សារ ខណៈអ្នកលក់នីមួយៗត្រូវមានកូដ QR ផ្ទាល់ខ្លួន ដែលត្រូវនឹងអត្តសញ្ញាណរបស់ពួកគេ ជាមួយនឹងការធ្វើតេស្តជាប្រចាំក្នុងផ្សារ និងយ៉ាងហោចណាស់បានចាក់វ៉ាក់សាំង ១ដូសរួចរាល់។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណទិញទំនិញ ទើបត្រូវបានអនុញ្ញាតឱ្យចូលក្នុងផ្សារ ខណៈមានតែទំនិញចាំបាច់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យលក់ក្នុងនោះមានដូចជា ផ្លែឈើ និងបន្លែ ដែលភាគច្រើនមានប្រភពមកពីស្រុក ជាយក្រុងនិងខេត្តជិតខាង។ គួរបញ្ជាក់ផងដែរថា​ ផ្សារលក់ដុំមួយនេះត្រូវបានបិទ នៅថ្ងៃទី២៧ ខែកក្កដា បន្ទាប់ពីអ្នកលក់ស៊ុតម្នាក់បានធ្វើតេស្តរកឃើញវិជ្ជមានមេរោគ កូវីដ-១៩ ស្របពេលដែលទីផ្សារលក់ដុំផ្សេងទៀតនៅ ទីក្រុងហាណូយ នៅតែបិទដដែល៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress