Apple, Google និង Amazon មិនអាចផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនពីប្រទេសចិនទៅប្រទេសវៀតណាមបានទេ ដោយសារជំងឺកូវីដ-១៩
អាជីវកម្ម August 19, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានពន្យារពេលការផ្លាស់ប្តូរផលិតកម្មរបស់ Apple, Google និង Amazon ពីប្រទេសចិនទៅប្រទេសវៀតណាម ដោយសារតែការរឹតបន្តឹងការត្រួតពិនិត្យព្រំដែននិងការរឹតត្បិតការធ្វើដំណើរ។

អ្នកជំនាញមួយក្រុមដែលដឹងពីរឿងនេះបានប្រាប់សារព័ត៌មានជប៉ុន Nikkei ថា៖ ក្រុមហ៊ុនស្មាតហ្វូន Pixel 6 ដែលនឹងមចេញឆាប់ៗនេះ នឹងត្រូវផលិតនៅក្នុងប្រទេសចិន បើទោះបីជាក្រុមហ៊ុននេះមានគម្រោងផ្លាស់ប្តូរការផលិតទូរស័ព្ទនេះទៅភាគខាងជើងប្រទេសវៀតណាមកាលពីដើមឆ្នាំមុនក៏ដោយ។

ជាមួយគ្នានេះដែរ អ្នកជំនាញពីររូបទៀតបានប្រាប់សារព័ត៌មានថា Apple នឹងចាប់ផ្តើមផលិតកាស AirPods ចុងក្រោយរបស់ខ្លួននៅក្នុងប្រទេសចិន ជំនួសឱ្យប្រទេសវៀតណាមដូចការគ្រោងទុកពីមុន។ ក្រុមហ៊ុននេះមានគម្រោងផ្លាស់ប្តូរប្រហែល ២០% នៃការផលិត AirPod ថ្មីទៅកាន់ប្រទេសវៀតណាមនៅពេលក្រោយ។ លើសពីនេះ ផែនការរបស់ Apple ក្នុងការនាំយកការផលិត MacBook និង iPad មួយចំនួនទៅកាន់ប្រទេសវៀតណាមក៏ត្រូវបានផ្អាកផងដែរ។ ដោយឡែក អ្នកជំនាញផ្សេងទៀតបានប្រាប់ Nikkei ថា ការផលិតកណ្តឹងទ្វារឆ្លាតវៃ កាមេរ៉ាសុវត្ថិភាពនិងឧបករណ៍បំពងសំឡេងឆ្លាតវៃសម្រាប់ក្រុមហ៊ុន Amazon នៅភាគខាងជើងប្រទេសវៀតណាម ក៏បានប្រឈមមុខនឹងការពន្យារពេលផងដែរចាប់តាំងពីខែឧសភាមក។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនបច្ចេកវិទ្យាធំៗ បានផ្លាស់ប្តូរ ឬ បង្កើតផែនការផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅវៀតណាម ដើម្បីធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេ។ ប៉ុន្តែដោយសារការផ្ទុះឡើងថ្មីៗនៃកូវីដ-១៩ នៅឆ្នាំនេះទាំងនៅតំបន់ភាគខាងជើង និងខាងត្បូងបានរារាំងការផ្លាស់ប្តូរទាំងនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress.