អាជ្ញាធរខេត្តកំពង់ធំ បិទផ្សារ ៣ទីតាំង ខណៈអាជីវករ លក់ដូរតាមចិញ្ចើមផ្លូវចល័ត ស្នើសុំអាជ្ញាធរពន្លឿនរៀបចំកន្លែងសមរម្យ
អាជីវកម្ម August 18, 2021 Khmernote

អាជីវករលក់បន្លែ ត្រីសាច់ បង្អែមផ្លែឈើគ្រឿងទេស បាននាំគ្នាលក់ដង្ហែតាមចិញ្ចើមផ្លូវជាច្រើនកន្លែង និងស្នើសុំឲ្យអាជ្ញាធរពន្លឿន ការរៀបចំកន្លែងលក់ដូរឲ្យបានសមរម្យ និងឆាប់រហ័ស បន្ទាប់ពីអាជ្ញាធរបិទផ្សារ ចំនួន៣ទីតាំង រួមមាន ផ្សារកំពង់ធំ ផ្សារស្ទឹងសែន(ផ្សារចាស់) និងផ្សារក្បាលថ្នល់ (ផ្សារក្តីដូង) រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ខ្សែជំងឺកូវីដ.១៩ ក្នុងសហគមន៍។

ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំ បាន មានប្រសាសន៍ ឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ធំ បានគិតគូររួចរាល់ហើយ និងកំពុងស្វែងរកទីតាំងកន្លែងលក់ដូរជូនអាជីវករ ប៉ុន្តែទី១ ប្រឈមនៃការរកទីតាំង ហើយអាជ្ញាធរកំពុងតែស្វែងរក។ និងទី២ ក៏មិនអាចឲ្យបងប្អូន អាជីវករ លក់តាមចិត្តដែរ ព្រោះថា យើងមិនដឹងថា បុគ្គលណាខ្លះ ប៉ះពាល់ផ្ទាល់ ប៉ះប្រយោល ហើយពួកគាត់ទាំងអស់គ្នា ត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ អ្នកប៉ះផ្ទាល់ និងប្រយោល ។

ទន្ទឹមនឹងនេះក្រុមអាជីវករលក់ដូរបានប្រាប់ ឲ្យដឹងនាព្រឹកថ្ងៃទី១៧ ខែសីហា ស្រដៀងគ្នាដែរថា ពួកគាត់សម្រេចចិត្ត មកលក់ដូរតាមចិញ្ចើមផ្លូវ និងលក់ដូរចល័ត ដោយសារពួកគាត់បាន ធ្វើតេស្តរកមេរោគកូវីដ.១៩ រួចរាល់ចំនួន ២ដង និងអវិជ្ជមាន។ លើសពីនេះក្រុមអាជីវករបានរក្សាគម្លាត អនាម័យ ពាក់ម៉ាស អាកុល តាមការណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន