យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា សិប្បកម្មផលិតស្បែកជើងដោយដៃមួយកន្លែងនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល កំពុងមានទីផ្សារល្អ និងទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋ ខណៈដែលបច្ចុប្បនុ្នការកែឆ្នៃស្បែកជើងដោយដៃមិនសូវមានអ្នកផលិត។
លោកស្រី ហួនផល្លី ម្ចាស់អាជីវកម្មផលិតស្បែកជើង ស្ថិតនៅក្នុងភូមិ ព្រែកក្របៅទី៣ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់ប្រកបរបរផលិតស្បែកជើងនេះ អស់រយៈពេលជាង៩ឆ្នាំមកហើយ ដើម្បីបំពេញ តម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលមានអតិថិជនខ្លះ បានចុះទៅ កុម្មង់ដល់ផ្ទះតែម្តង ។
លោកស្រីបន្តថា សម្រាប់ស្បែកជើងផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកគោ និងស្បែកជ្រូកមកផលិត និងបានសម្រិតសម្រាំង យកគុណភាពជាចម្បង។ លោកស្រីបានបន្ថែមថា មូលហេតុដែលលោកស្រីចាប់យករបរនេះ ដោយសារតែលោកស្រីស្រឡាញ់ និង ស្តាយជំនាញដែលក្រុមគ្រួសារលោកស្រីមាន ពិសេសគឺចង់ឲ្យប្រជាពលរដ្ឋខ្មែរបានដឹងថា ខ្មែរគឺមានសមត្ថភាពក្នុងការផលិតស្បែកជើង ដោយដៃផ្ទាល់ មានគុណភាពខ្ពស់មិនចាញ់របស់នាំចូលទេ ។
«ដំបូងបំផុតគឺជាអាជីវកម្មរបស់ប៉ាក្មេក ដែលគាត់ធ្វើពីដំបូងឡើយ ហើយនៅឆ្នាំ២០១២ហ្នឹងក៏គាត់ចង់បោះបង់ចោល អ៊ីចឹងទៅនៅឆ្នាំ២០១២ហ្នឹងខ្ញុំក៏ចូលរៀបការ នៅក្នុងគ្រួសារគាត់ ប៉ុន្តែដោយសារតែយើងស្ដាយចំណេះជំនាញដែលគាត់មាន ចឹងយើងអត់ចង់បោះបង់ចោលទេ ណាមួយយើងឃើញធនធានដែលគាត់មានស្រាប់អ៊ីចឹង យើងក៏ចាប់ផ្ដើមធ្វើវាបន្ត ដោយសារតែ យើងស្ដាយ អ្វីដែលគាត់មាន ដោយសារយើងស្រឡាញ់ និងចង់ឲ្យប្រជាជនខ្មែរដឹងថាខ្មែរយើងអាចផលិតស្បែកជើងបាន»។
លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើងផលិតបាន ដើម្បីជាការលើកទឹកចិត្ត ដល់ប្រជាជនឲ្យចូលរួមផលិតបន្ថែមទៀត ។
សូមបញ្ជាក់ថា អាជីវកម្មផលិតស្បែកជើងនេះ គឺបានបង្កើតឡើងនៅឆ្នាំ២០១២ ដោយមានសមាជិកចំនួន៥នាក់ និងមានផលិតស្បែកជើង រួមមាន៖ ស្បែកជើងមនុស្សស្រី មានតម្លៃ ចាប់ពី១៧ដុល្លារទៅ១៨ដុល្លារ ស្បែកជើងមនុស្សប្រុសមានតម្លៃ ចាប់ពី២០ដុល្លារទៅ២៦ដុល្លារ និងស្បែកជើងកូនក្មេងមានតម្លៃចាប់ពី ៥ដុល្លារទៅ១០ដុល្លារក្នុងមួយគូ៕




ប្រភព៖ ក្រសួងព័ត៌មាន


