ឧស្សាហកម្មអាកាសចរណ៍ឥណ្ឌូនេស៊ី កំពុងជួបប្រទះការលំបាកខ្លាំង ខណៈពេលដែលជំងឺកូវីដ-១៩ នៅតែបន្តរាតត្បាត
អាជីវកម្ម August 14, 2021 Khmernote

ឧស្សាហកម្មអាកាសចរណ៍របស់ប្រទេសឥណ្ឌូនេស៊ី កំពុងជួបប្រទះនូវការលំបាកយ៉ាងខ្លាំងនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដោយសារភាពយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការផ្តល់ដំណោះស្រាយ និងផ្ដល់ជំនួយដល់ក្រុមហ៊ុន នេះបើយោងតាមលោក Agus Pambagio អ្នកសង្កេតការណ៍គោលនយោបាយសាធារណៈ។

បើតាមការលើកឡើងរបស់លោក Agus ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកឥណ្ឌូនេស៊ីដូចជា Garuda Indonesia និង Citilink, Sriwijaya រួមទាំង NAM និង Lion Air Group ក៏ត្រូវប្រឈមមុខនឹងកាតព្វកិច្ចហិរញ្ញវត្ថុ ដែលជាកាតព្វកិច្ចពីស្ថាប័នហិរញ្ញវត្ថុទាំងក្នុងស្រុកនិងអន្តរជាតិ ដែលជំរុញឱ្យក្រុមហ៊ុនទាំងនេះឈានដល់ក្ស័យធន។ ជាមួយគ្នានេះដែរ កាលពីពេលថ្មីៗនេះក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដូចជា Garuda Indonesia (GIAA), Lion Air និង Batik Air បានបិទសាខារបស់ខ្លួននៅ Alice Spring ឬ Port Headland ប្រទេសអូស្ត្រាលី ដោយសារតែការធ្លាក់ចុះផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងនោះ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានព្យាយាមរក្សាប្រតិបត្តិការដោយអនុវត្តដំណោះស្រាយជាបន្តបន្ទាប់ដូចជា ការកាត់បន្ថយប្រាក់ឈ្នួល និងការបញ្ឈប់បុគ្គលិក ប៉ុន្តែវាហាក់ដូចជាមិនបានជួយឱ្យក្រុមហ៊ុនទាំងនោះធូរស្បើយឡើយ។ ជាក់ស្ដែង ក្រុមហ៊ុន Garuda Indonesia (GIAA) បានរាយការណ៍ពីប្រាក់ចំណូលចំនួន ៣៥៣.០៧ លានដុល្លារក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០២១ ធ្លាក់ចុះ ៥៤.០៣% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុនអាកាសចរណ៍ Lion Air ក៏បរាជ័យក្នុងការដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ចបន្ទាប់ពីការបញ្ឈប់បុគ្គលិកជាង ៨,០០០នាក់ និងប្រតិបត្តិការតែ ១៥% នៃសមត្ថភាពរបស់ខ្លួន៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus