កសិករខេត្តត្បូងឃ្មុំចែករំលែកបទពិសោធន៍ជោគជ័យ ក្នុងការដាំប្រទាលកន្ទុយ ក្រពើក្នុងផើងដែលងាយ ស្រួលដាំមិនពិបាកថែទាំពិសេសធន់នឹងអាកាសធាតុ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។
អ្នកស្រី ថេង សុភាព ជាប្រជាកសិករ រស់នៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំបានឱ្យដឹងថា អ្នកស្រីចាប់ផ្តើមដាំប្រទាលកន្ទុយក្រពើតាំងពីឆ្នាំ ២០១៨មកម្ល៉េះ ដោយដំបូងឡើយមានចំនួនតែ ២ទៅ៣ គុម្ពប៉ុណ្ណោះ ដើម្បីលម្អមុខផ្ទះផងនិងយកធ្វើជាថ្នាំដើម្បីព្យាបាលជំងឺក្រពះពោះវៀនរបស់ខ្លួនផង។
អ្នកស្រីបន្តថា ក្រោយពីមើលឃើញថាប្រទាលកន្ទុយ ក្រពើមានទីផ្សារច្រើននិងមានអត្ថប្រយោជន៍លើសលប់នោះអ្នកស្រីក៏បានពង្រីកការដាំដុះប្រទាលកន្ទុយក្រពើរហូតដល់ជាង ១ពាន់គុម្ព ដើម្បីលក់កូននិងលក់ដើមប្រទាលស្រស់ទៅឱ្យអតិថិជនរួមទាំងធ្វើជាភេសជ្ជៈជំនួយសុខភាពសម្រាប់លក់ជាដើម។
អ្នកស្រីបន្តទៀតថា សព្វថ្ងៃនេះអ្នកស្រីបានដាំប្រទាលកន្ទុយក្រពើក្នុងផើងទាំងអស់ដោយសារវាជាវិធីសាស្រ្តដ៏ល្អ និងទាន់សម័យតាមបែបកសិកម្មទំនើបព្រោះចំណាយផ្ទៃដីតិច ស្រួលថែទាំជាងការដាំផ្ទាល់នៅលើដី ពិសេសអាចតម្រៀបទៅជាសួនដ៏ទាក់ទាញនៅមុខផ្ទះផងដែរ។
អ្នកស្រីបញ្ជាក់ថា ការដាំប្រទាលកន្ទុយក្រពើក្នុងផើងឱ្យទទួលផលល្អមុនដំបូងត្រូវលាយដីជាមួយជីអង្កាម រួមនឹងស្លឹកឈើស្រស់ដែលងាយ ស្រួលរលួយ ព្រមជាមួយលាមកគោផងដែរ។ បន្ទាប់មកយកកូនប្រទាលដែលមានអាយុ ២សប្តាហ៍មកផ្សាំដោយទុករយ:ពេល ១៥ថ្ងៃទើបយកទៅដាំនៅក្នុងផើងដែលបានរៀបចំដីរួចនោះ ហើយចន្លោះពី ២ទៅ ៣ថ្ងៃចាំស្រោចទឹកម្តងព្រោះដាំណាំប្រភេទនេះមិន សូវត្រូវការទឹកឡើយ។
“បច្ចេកទេសដាំគឺអត់ពិបាកទេ គឺយើងប្រើដី ល្បាយខ្សាច់ហើយមានជីអាចម៍គោហើយយើងប្រើផេះអង្កាមលាយចូលគ្នាទៅវាអត់ត្រូវការជីអីច្រើនទេដាំណាំនឹងនោះហើយការថែទាំវិញក្នុងការស្រោចទឹក ២ទៅ ៣ថ្ងៃអីចាំស្រោចទឹកម្តង ព្រោះរុក្ខជាតិបែបនឹងមិនត្រូវការទឹកច្រើនទេ”។
អ្នកស្រីបានបញ្ជាក់ផងដែរថា ក្នុងមួយខែអាចរកចំណូលពីររបរដាំប្រទាលនេះចន្លោះពី ៨០ម៉ឺនទៅ១លានរៀលដែលជួយបង្កើនជីវភាពក្នុងគ្រួសារបានមួយកម្រិត។ សូមបញ្ជាក់ថា សម្រាប់រយៈ ពេលប្រមូលផលប្រទាលកន្ទុយក្រពើ មានរយៈពេល ១០ ខែ ទៅមួយឆ្នាំហើយប្រទាលកន្ទុយក្រពើ ជាដំណាំមួយប្រភេទមានប្រយោជន៍ដ៏អស្ចារ្យ ដែលភាគច្រើនអតិថិ ជនអាចយកទៅកែច្នៃដូចជាភេសជ្ជ:គ្រឿង សម្អាង, ព្យាបាលក្រពះ,ពោះវៀន, បញ្ហាសន្លាក់ជាដើម៕


ប្រភព៖ information


