យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ទីក្រុងដាណាងបានបិទផ្សារលក់ដុំធំបំផុតរបស់ប្រទេសវៀតណាមកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរកឃើញមេរោគឆ្លងថ្មីលើអ្នកលក់ និងអ្នកទិញឥវ៉ាន់មួយចំនួន។ សារព័ត៌មានដដែលបានឱ្យដឹងថា ផ្សារលក់ដុំ Hoa Cuong នៅស្រុក Hai Chau ត្រូវបានផ្អាកដំណើរការ បន្ទាប់ពីអាជីវករជាង ១៣០០នាក់ ធ្វើតេស្តរកឃើញ Covid-19។
លោក Diep Hoang Thong Anh ប្រធានក្រុមប្រឹក្សាភិបាលទីផ្សារបានមានប្រសាសន៍ថា៖ «នេះជាលើកទីមួយហើយដែលផ្សារត្រូវបានបិទចាប់តាំងពីវីរុសកូវីដ-១៩ បានលេចមុខជាលើកដំបូងនៅប្រទេសវៀតណាមកាលពីដើមឆ្នាំមុន។ ជាមួយគ្នានេះរយៈពេលដែលផ្សារនឹងបើកដំណើរការឡើងវិញ គឺអាស្រ័យលើលទ្ធផលតេស្តរកមេរោគឆ្លង ដែលអាជ្ញាធរនឹងធ្វើការសន្និដ្ឋានអំពីហានិភ័យនៅក្នុងផ្សារនេះ »។
គួរឱ្យដឹងផងដែរថា នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៦ករណី ត្រូវបានគេរកឃើញនៅផ្សារក្នុងចំណោមអ្នកលក់ និងអ្នកដើរទិញឥវ៉ាន់ នេះបើយោងតាមនាយកដ្ឋានសុខាភិបាលទីក្រុងដាណាង។ ជាមួយគ្នានេះ Hoa Cuong គឺជាផ្សារលក់ដុំដ៏សំខាន់របស់ដាណាង ដែលមានអ្នកលក់ជាង ១៤០០ នាក់។ ផ្សារនេះផ្គត់ផ្គត់ឱ្យទីក្រុងនូវផ្លែឈើ និងបន្លែប្រហែល ៣០០-៣៣០ តោនជារៀងរាល់ថ្ងៃ ហើយជាទីផ្សារលក់ដុំផលិតផលកសិកម្មធំជាងគេនៅភាគកណ្តាលប្រទេសវៀតណាម ដោយទំនិញភាគច្រើនមកពីតំបន់ខ្ពង់រាបកណ្តាល និងខេត្តភាគខាងត្បូង៕



អត្ថបទ៖ លីនី
ប្រភព៖ vnexpress


