ហាងលក់ទំនិញនៅប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាការខ្វះខាតទំនិញ ដោយសារប្រជាពលរដ្ឋទិញស្តុកកាន់តែច្រើនឡើងៗ
អាជីវកម្ម August 13, 2021 Khmernote

ហាងលក់ទំនិញនៅក្នុងប្រទេសថៃ កំពុងប្រឈមនឹងបញ្ហាការខ្វះខាតទំនិញ ដោយសារតែការស្តុកទុកទំនិញសំខាន់ៗនៅផ្ទះហាក់ដូចជាមានការកើនឡើង ព្រោះតែការបិទខ្ទប់ជាបន្តបន្ទាប់ វិធានការបំរាមគោចរ និងរបាយការណ៍ប្រចាំថ្ងៃអំពីការកើនឡើងនៃការឆ្លងជំងឺ កូវីដ-១៩ និងចំនួនអ្នកបាត់បង់ជីវិត។

ប្រតិបត្តិករផ្សារទំនើប​ និងហាងលក់ទំនិញ បានរាយការណ៍ថា អ្នកទិញ បានទិញទំនិញសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃក្នុងបរិមាណច្រើនដូចជា អង្ករ ប្រេងឆា មី ទឹកត្រី ក្រដាសជូត និងទឹកបរិសុទ្ធ ចាប់តាំងពីខែមុនដែលបណ្ដាលឱ្យមានការខ្វះខាត។ លោក Pun Paniangvait អ្នកគ្រប់គ្រងការិយាល័យប្រធានក្រុមហ៊ុន Thai President Foods (TFMAMA) ដែលជាក្រុមហ៊ុនផលិតមីម៉ាម៉ាបាននិយាយថា អ្នកលក់រាយបានបញ្ជាទិញមីម៉ាម៉ាក្នុងបរិមាណច្រើនក្នុងអំឡុងខែកក្កដា និងសីហានេះ។ លោកបានបន្តថា អ្នកប្រើប្រាស់បានស្តុកទុកក្នុងអំឡុងពេលរបាយការណ៍ប្រចាំថ្ងៃអំពីអត្រាឆ្លងខ្ពស់ និងការឆ្លងរាលដាលដល់រោងចក្រនិងមជ្ឈមណ្ឌលចែកចាយរបស់អ្នកលក់រាយមួយចំនួន។

ជាមួយគ្នានេះ លោក Suroj Lamsam នាយកប្រតិបត្តិនិងជាប្រធានក្រុមហ៊ុន Loxley Plc បាននិយាយថា ប្រតិបត្តិករពាណិជ្ជកម្មបានបញ្ជាទិញទំនិញជាច្រើនទៀតដូចជា អង្ករ ប្រេងឆា ត្រីខកំប៉ុង និងផលិតផលទឹកត្រី ពីក្រុមហ៊ុនពាណិជ្ជកម្មរបស់ក្រុមហ៊ុន Loxley Group កាលពីខែមុន។

ទន្ទឹមនឹងនេះដែរ លោក Supawut Chaiprasitkul អនុប្រធានផ្សារទំនើបនិងម្ហូបអាហារនៅ The Mall Group Co បាននិយាយថាផលិតផលស្រស់ៗ និងអាហារកញ្ចប់សម្រាប់ចម្អិតដោយខ្លួនឯងនៅផ្ទះ ត្រូវបានលក់ដាច់គ្មានសល់នៅផ្សារទំនើបរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ លោកបានបន្តថា ផលិតផលខ្លះអស់ពីស្តុកដោយសាររោងចក្រត្រូវបានបិទព្រោះតែការឆ្លងមេរោគ ហើយកង្វះផលិតផលបានកើតឡើងចាប់តាំងពីពាក់កណ្តាលខែកក្កដា នៅពេលដែលអត្រាឆ្លងកាន់តែអាក្រក់​ ហើយវិធានការបិទទ្វារនិងបំរាមគោចរត្រូវបានពង្រីក។

គួរបញ្ជាក់ផងដែរថា នៅក្នុងថ្ងៃសុក្រ ទី ១៣ ខែ សីហា នេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ថ្មីចំនួន ២៣,៤១៨ នាក់ ដែលជាចំនួនអ្នកឆ្លងប្រឆាំថ្ងៃដ៏ច្រើនបំផុត ខណៈអ្នកបាត់បង់ជីវិតដោយសារជំងឺនេះវិញ មានចំនួន ១៨៤នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost