យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គម្រោងធនាគារក្របីដែលអនុវត្តនៅតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅវគ្គ១ត្រូវបានបិទបញ្ចប់ជាមួយនឹងភាពជោគជ័យ ព្រោះវាជាផ្នែកមួយដែលជួយដល់ការអភិរក្សសត្វក្រៀល និងទីជម្រករបស់វា តាមរយៈការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។
លោក ប៊ូ វរសក្ស នាយកកម្មវិធីអង្គការជីវិតសត្វស្លាបប្រចាំកម្ពុជាបានឱ្យដឹងថា គម្រោងធនាគារក្របីដែលអនុវត្តនៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ វាគឺជាផ្នែកមួយដែលជួយដល់ការអភិរក្សសត្វក្រៀល និងទី ជម្រករបស់ពពួកសត្វព្រៃជាច្រើន វាបានផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋខ្ចី ឬ ប្រវាស់យកទៅចិញ្ចឹមដើម្បីបង្កើនចំណូលផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។
លោកបានបន្តថា អង្គការ BirdLife បានប្រវាស់ក្របីពូជទៅគ្រួសារមួយដែលមានទីលំនៅក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ ក្នុងភូមិសាស្ត្រភូមិដីលើក ឃុំជ័យជោគ ស្រុកបូរីជលសារ ខេត្តតាកែវទទួលមើលថែរក្សាក្នុងរយៈពេល៣ឆ្នាំ២០១៨-២០២១ ដោយក្របីមេពូជដែលអង្គការបានផ្ដល់ជូនដើម្បីចិញ្ចឹមមានចំនួន៥ក្បាល ដែលសុទ្ធតែជាមេក្របីផើមស្រាប់។
សំឡេង៖«អ៊ីចឹងបានថា ការសាកល្បងនៅដំណាក់កាលទីមួយ យើងធ្វើការជាមួយតែមួយគ្រួសារទេ ដោយឱ្យក្របីមេផើម៥ក្បាលទៅមួយគ្រួសា រហើយក្រោយពេលបញ្ចប់ហ្នឹងទៅគាត់ទទួលបានចំណូលជាងដប់លានរៀលរយៈពេលបីឆ្នាំនិងអ៊ីចឹងគាត់បានហុកសិបភាគរយនៃចំនួនកូនក្របីដែលបានកើតក្នុងរយៈពេលបីឆ្នាំ។ ដោយឡែកភាពជោគជ័យមួយទៀតគម្រោងយើងបានបង្កើននូវចំនួនក្របីដើមរបស់យើងពី ៥ក្បាលទៅ៧ក្បាលគឺជោគជ័យទាំងកសិករ គាត់បានចំណូលជាងដប់លានរៀលហើយយើងក៏បានបង្កើនរហូត ដល់៧ក្បាល នេះជាកត្តាជោគជ័យ។»
លោកបានបន្ថែមថា កាលពីដើមឆ្នាំ ២០២១ ក្នុងរយៈពេលប្រមាណ ៣ឆ្នាំនៃកិច្ច សន្យាបានចូលមកដល់ អង្គការបានដល់កាលកំណត់ដើម្បីបែងចែកផលលាភតាមកិច្ចសន្យាដែលបានព្រមព្រៀងគ្នា។ ក្នុងនោះដែរ កសិករទទួលចិញ្ចឹមបានទទួលលុយដែលបានមកពីការលក់ក្របី ប្រមាណជា១០លាន៥០ម៉ឺនរៀល (ដប់លានហាសិបម៉ឺនរៀល)។ ហើយគម្រោងធនាគារក្របីបានកើនក្របីមេពូជ ដើម្បីបន្តទៅវគ្គទី២ ដែលក្របីសរុបមានចំនួន៧ក្បាលដែលសុទ្ធ តែជាមេពូជផើមស្រាប់។ លោកបានឱ្យដឹងទៀតថា អង្គការ BirdLife បាននិងកំពុងស្វែងរកម្ចាស់ជំនួយពាក់ព័ន្ធ ដើម្បីសហកាជួយគាំទ្រទៅដល់គម្រោងធនាគារក្របីបន្ថែមទៀតសម្រាប់បន្តវគ្គទី២ហើយនឹងត្រូវបង្កើនសមាជិកគ្រួសារទទួលការប្រវាស់ក្របីយកទៅចិញ្ចឹមឱ្យបានរហូតទៅដល់បីគ្រួសារបន្ថែមទៀត៕


ប្រភព៖ ក្រសួងព័ត៌មាន


