ក្រសួងបរិស្ថានបានប្រែក្លាយជីវភាពរបស់ប្រជាសហគមន៍ពីការបរបាញ់សត្វព្រៃ មកជាការចិញ្ចឹមសត្វជំនួសវិញ
អាជីវកម្ម August 11, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងបរិស្ថានបានផ្តល់ជម្រើសជូនប្រជាពលរដ្ឋនៅតាមសហគមន៍ក្នុងការចិញ្ចឹមសត្វយកសាច់ដូចជាគោ ក្របី ហើយជាពិសេស ចៀម និងពពែ ដែលងាយស្រួលចិញ្ចឹមក្នុងព្រៃសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ចំណាយពេលវេលាតិច ហើយទទួលបានផលច្រើន។

ក្រសួងបរិស្ថានបានឱ្យដឹងថា ចាប់ពីឆ្នាំ២០២០ រហូតទល់ពេលនេះ ក្រសួងបរិស្ថានបានផ្តល់ពូជក្របី ២១៦ក្បាល គោខ្មែរចំនួន ១៥៣ក្បាល គោពូជកូនកាត់ ចំនួន៦១ក្បាល គោបាចំនួន ៦ក្បាល ចៀមចំនួន ២៤៧ក្បាល ពពែចំនួន២៦៧ក្បាល និងពូជជ្រូកឦសាន ចំនួន ៥០ក្បាល ជូនសហគមន៍មូលដ្ឋាន ប្រជាពលរដ្ឋ និងកងទ័ព សម្រាប់ចិញ្ចឹម ដើម្បីពង្រឹងជីវភាពស្នូល ដែលក្នុងនោះរួមមាន៖ សហគមន៍តំបន់ការពារធម្មជាតិចំនួន៣ នៅក្នុងខេត្តព្រះវិហារ តំបន់ការពារធម្មជាតិចំនួន២ ក្នុងភូមិសាស្រ្តខេត្តមណ្ឌលគីរី ដែនជម្រកសត្វព្រៃកែវសីមា និងដែនជម្រកសត្វព្រៃស្រែពក បញ្ជាការដ្ឋាននៃយោធភូមិភាគ១ កងយោធពលខេមរភូមិន្ទ និងកសិដ្ឋានប្រជាពលរដ្ឋចិញ្ចឹមសត្វនៅរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តព្រះវិហារផងដែរ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន កន្លងមកបានចាត់ទុកថា ការចិញ្ចឹមសត្វ មិនត្រឹមតែចូលរួមការពារបរិស្ថាននិងព្រៃឈើទេ គឺបានចូលរួមចលនាដល់សហគមន៍មូលដ្ឋាន មានចំណូលខ្ពស់ មានជីវភាពធូរធារនិងចូលរួមកាន់តែសកម្មក្នុងការការពារនិងអភិរក្សធនធានធម្មជាតិដែលយើងមាន។

សូមបញ្ជាក់ថា ឆ្លើយតបនឹងតម្រូវការរបស់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋាន ចាប់ពីឆ្នាំ២០១៧ ដល់២០២០ ក្រសួងបរិស្ថាន ក៏បានផ្តល់ទុនដោយឡែក ដល់សហគមន៍នៅតាមតំបន់ការពារធម្មជាតិចំនួន ៣២សហគមន៍ ដែលក្នុងនោះ មានសមាជិកសហគមន៍ចំនួន ៩៥០ គ្រួសារ ដែលគ្រួសារចំនួន ៣១៧គ្រួសារ ទទួលបានពូជគោចំនួន ពី១ក្បាលដល់៣ក្បាលក្នុងមួយគ្រួសារ គ្រួសារចំនួន២២០គ្រួសារ ទទួលបានពូជជ្រូកឦសាន ៣ក្បាលក្នុងមួយគ្រួសារ គ្រួសារចំនួន ៣៦៨គ្រួសារ ទទួលបានមាន់ពី១៥ក្បាលដល់៤០ក្បាលក្នុងមួយគ្រួសារ។ គ្រួសារទាំងអស់នោះ បានផ្តល់ផលសត្វទៅដល់សមាជិកសហគមន៍ផ្សេងទៀត ដើម្បីពង្រឹងជីវភាពជាបន្តបន្ទាប់៕

ប្រភព៖ ក្រសួងព័ត៌មាន