ផ្កាម្លិះលា ជារុក្ខជាតិមានក្លិនក្រអូប កំពុងមានទីផ្សារល្អ និងទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី ខណ:បច្ចុប្បនុ្នដំណាំប្រភេទនេះ ក៏កំពុងមានទីផ្សារសម្រាប់នាំចេញទៅខេត្តផ្សេងៗផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក ផុក សំរង ម្ចាស់ចម្ការផ្កាម្លិះលា ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរដាំដំណាំផ្កាម្លិះលានេះ អស់រយ:ពេលជាង ៤ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី និងខេត្តផ្សេងៗទៀត ខណៈដែលឈ្នួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង ។
លោកបន្តថា ផ្កាម្លិះលានេះ ងាយ ស្រួលដាំ មិនរើសប្រភេទដី ធន់នឹងអាកាសធាតុ ដាំរយៈពេលតែ៦ខែ គឺអាចប្រមូលផលបានជារៀងរាល់ថ្ងៃ ។ លោក ផុក សំរង បានប្រាប់ថា មូលហេតុដែលលោកចាប់យករបរនេះ ដោយសារតែលោកស្រឡាញ់ ហើយលោកមានជំនាញថែទាំផ្កាម្លិះលានេះ ហើយបច្ចុប្បន្ន កសិកម្មខាងផ្នែកដាំផ្កាម្លិះមិនទាន់មានការរីកដុះដាលច្រើននៅឡើយ ភាគច្រើនគឺនាំចូលពីប្រទេសជិតខាង ប៉ុន្តែតម្រូវការរបស់អ្នកប្រើប្រាស់មានច្រើន ដូច្នេះលោកក៏សម្រេចចិត្តដាំតែម្ដងទៅ ។
លោកថា លោកចង់ឱ្យប្រជាកសិករយើងលើកស្ទួយវិស័យកសិកម្មក្នុងស្រុក ចង់ឱ្យកសិករ បើមានពេលទំនេរ សូមងាកមកដាំផ្កាក៏ល្អដែរ គឺ ធ្វើតិច តែទិន្នផលច្រើន ហើយទីផ្សារក៏ល្អបើគាត់ទំនេរគួរតែធ្វើ។ ម្ចាស់ចម្ការផ្កាម្លិះលារូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមជួយគាំទ្រផលិតផលខ្មែរ ដែលខ្មែរយើងដាំ ដើម្បីជាការលើកទឹកចិត្តដល់ប្រជាកសិករឱ្យចូលរួមដាំបន្ថែមទៀត ។
សូមបញ្ជាក់ថា ផ្កាម្លិះលា មិនត្រឹមតែក្រងជាភួងមាល័យសម្រាប់ថ្វាយព្រះ និងបម្រើក្នុងកម្មវិធីផ្សេងៗប៉ុណ្ណោះទេ ថែមទាំងអាចធ្វើជាតែឆុងផឹកសម្រាប់ជំនួយសុខភាពថែមទៀតផង។ ជាទូទៅ ផ្កាម្លិះ ស្រស់លក់ក្នុងតម្លៃក្នុងមួយគីឡូក្រាមពី ៤០០០០រៀលទៅ ១៨០០០០រៀល តាមរដូវកាល ៕


ប្រភព៖ ក្រសួងព័ត៌មាន


