បញ្ហាផ្ទួនៗ ! ក្រុមហ៊ុន Adidas យីហោលំដាប់ពិភពលោក រងផលប៉ះពាល់ពីការធ្វើពហិការដោយចិន ខណៈរោងចក្រនៅវៀតណាមក៏ត្រូវបិទទ្វារ
អាជីវកម្ម August 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម vnexpress បានឱ្យដឹងថា ក្រុមហ៊ុន Adidas ដែលជាប្រេនលំដាប់អន្តរជាតិដ៏ល្បីមួយ បានរងផលប៉ះពាល់ និងកំពុងជួបបញ្ហាផ្ទួនៗគ្នាដូចជា ការធ្វើពហិការរបស់ជនជាតិចិនលើយីហោលោកខាងលិច និងការបិទរោងចក្រនៅវៀតណាមដោយសារការឆ្លងជំងឺកូវីដ-១៩។

សារព័ត៌មានដដែលបានឱ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុនសម្លៀកបំពាក់កីឡាអាល្លឺម៉ង់មួយនេះ បានធ្លាក់ចុះ ៤.១% ដូចដែលអ្នកវិភាគបានកត់សំគាល់ថា កំណើនរបស់យីហោនេះកំពុងធ្លាក់ចុះ ជាងគូប្រជែងដូចជា Nike និង Puma ដែលយីហោទាំងពីរបានរាយការណ៍ថាការលក់កើនជិតទ្វេដង នៅក្នុងការចេញផ្សាយពីប្រាក់ចំណូលនាពេលថ្មីៗនេះ។

បើតាមប្រធានហិរញ្ញវត្ថុលោក Harm Ohlmeyer បានឱ្យដឹងថា ផលប៉ះពាល់រួមនៃបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់​ ដែលបណ្ដាលមកពីការបិទទ្វារដោយសារវីរុសកូវីដ-១៩ថ្មីៗនេះនៅអាស៊ី និងភាពតានតឹងជាមួយប្រទេសចិន អាចមានចំនួនច្រើនជាង ៥០០ លានអឺរ៉ូ ព្រោះតែការបាត់បង់ការលក់នៅឆមាសទី២។

ទោះជាយ៉ាងណាក្ដី Adidas នៅតែបង្កើនចក្ខុវិស័យរបស់ខ្លួនសម្រាប់ការលក់និងប្រាក់ចំណេញពេញមួយឆ្នាំ ខណៈខ្លួនបាននិយាយថា ក្រុមហ៊ុនបានឃើញតម្រូវការងើបឡើងវិញនៅក្នុងប្រទេសចិន ចាប់តាំងពីមានការអំពាវនាវឱ្យធ្វើពហិការនៅចុងខែមីនា ហើយក្រុមហ៊ុនក៏សង្ឃឹមថានឹងស្តារផលិតកម្មនៅវៀតណាមក្នុងពេលឆាប់ៗនេះផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress