សមាគមអ្នកលក់រាយថៃ (TRA) បាននិយាយថា ហាងប្រហែល ១០០,០០០ អាចនឹងបិទទ្វារដោយសារតែវិធានការបិទខ្ទប់ប្រទេស ក្នុងប្រទេសថៃ ហើយការបិទនេះនឹងធ្វើឱ្យបុគ្គលិកបាត់បង់ការងារ។ អនុប្រធានសមាគមអ្នកលក់រាយថៃ (TRA) លោក Chatrchai Toungratanaphan បានបង្ហាញថា ការស្ទង់មតិលើសន្ទស្សន៍អារម្មណ៍អ្នកលក់រាយ (RSI) ក្នុងខែកក្កដា បានបង្ហាញថា អាជីវកម្មលក់រាយកំពុងប្រឈមនឹងវិបត្តិដោយសារ (RSI) ស្ថិតនៅកម្រិតទាបបំផុតគឺ ១៦.៤ពិន្ទុ ក្នុងរយៈពេល ១៦ខែ។
លោកបានបន្ថែមថា ចំណូលពីវិស័យលក់រាយអាចថយចុះចំនួន ២៧០ពាន់លានបាត ហើយហាងប្រហែល ១០០,០០០ ទំនងជានឹងឈប់ដំណើរការ។ លើសពីនេះ សន្ទស្សន៍អារម្មណ៍អ្នកលក់រាយ (RSI) ក្នុងរយៈពេលបីខែខាងមុខនេះ ត្រូវបានគេប៉ាន់ប្រមាណថា មានប្រហែល ២៧.៦ពិន្ទុ ដោយសារតែការពន្យាពេលក្នុងការចាក់វ៉ាក់សាំង និងកង្វះវិធានការសង្គ្រោះពីរដ្ឋាភិបាល។
គួរឱ្យដឹងថា សន្ទស្សន៍អារម្មណ៍អ្នកលក់រាយ (RSI) បានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងគ្រប់ប្រភេទសេវាកម្មលក់រាយ ជាពិសេសផ្សារទំនើបនិងភោជនីយដ្ឋាន។ ការលក់របស់ពួកគេត្រូវបានប៉ះពាល់ដោយផ្ទាល់ពីវិធានការបិទខ្ទប់ ហើយបានធ្លាក់ចុះពី ៨០ ទៅ ៩០% ចាប់តាំងពីខែមិថុនាមក។
ក្នុងនោះ ហាងលក់ទំនិញងាយស្រួល ត្រូវបានរងផលប៉ះពាល់ដោយបំរាមគោចរពីម៉ោង ៩យប់ ដល់ ៤ព្រឹក ដែលធ្វើឱ្យការលក់របស់ពួកគេបានធ្លាក់ចុះពី ២០ ទៅ ២៥% ដោយសារពួកគេមិនអាចលក់បាននៅពេលយប់ ដែលជាម៉ោងធ្វើការដ៏មមាញឹកបំផុតរបស់ពួកគេ ហើយ ៤០% នៃហាងងាយស្រួលទាំងនោះ ស្ថិតនៅក្នុងតំបន់“ ក្រហមក្រម៉ៅ”៕


អត្ថបទ៖ លីនី
ប្រភព៖ nationthailand


