ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ចង់ឱ្យបើកផ្សារនៅទូទាំងប្រទេសឡើងវិញ បន្ទាប់ពីអាជីវករលក់ដូរចាក់វ៉ាក់សាំងរួចរាល់
អាជីវកម្ម August 7, 2021 Khmernote

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម បានអំពាវនាវឱ្យបើកឡើងវិញនូវផ្សារប្រពៃណីនៅទូទាំងប្រទេស បន្ទាប់ពីប្រជាជន និងអាជីវករលក់ដូរនៅទីនោះបានចាក់វ៉ាក់សាំងការពារជំងឺ​កូវីដ-១៩ រួចរាល់។ ក្រសួង បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទីក្រុងនិងខេត្តគួរតែធ្វើដូច្នេះបន្ទាប់ពីអ្នកគ្រប់គ្រងពាណិជ្ជករ និងកម្មកររបស់ពួកគេទទួលបានវ៉ាក់សាំងយ៉ាងហោចណាស់មួយដូស និងការធ្វើតេស្ត PCR របស់ពួកគេចំពោះមេរោគឆ្លងបង្ហាញថាអវិជ្ជមាន។

ជាមួយគ្នានេះ ក្នុង និងបរិវេណផ្សារគួរតែត្រូវបានសម្លាប់មេរោគជារៀងរាល់ថ្ងៃ ហើយប្រជាជនគួរតែធ្វើការប្រកាសអំពីសុខភាពនិងមិនមកធ្វើការ ប្រសិនបើពួកគេមានរោគសញ្ញាដូចជាក្អក ក្តៅខ្លួន និងឈឺបំពង់ក។ ដោយឡែកអ្នកទិញគួរតែធ្វើការបង្ហាញពីសុខភាពដោយប្រើ QR កូដ កាតចូល ឬ ពាក់ម៉ាស់ លាងដៃ ត្រួតពិនិត្យសីតុណ្ហភាព និងរក្សាគម្លាតសង្គម។

ក្រសួងបានបន្ថែមថា ផ្សារនឹងអនុញ្ញាតឱ្យទីផ្សារដំណើរការឡើងវិញ ប្រសិនបើពួកគេបំពេញតាមតម្រូវការខាងលើបានត្រឹមត្រូវ។ ហើយទីក្រុង និងខេត្ត ក៏អាចកំណត់កន្លែងផ្សេងទៀត ដើម្បីបង្កើតទីផ្សារបណ្តោះអាសន្ន ដោយប្រជាជនដែលធ្វើការនៅទីនោះគួរតែត្រូវបានចាក់វ៉ាក់សាំងនិងធ្វើតេស្តញឹកញាប់ដូចគ្នា។

គួរបញ្ជាក់ផងដែរថា ផ្សារបោះដុំមួយចំនួននៅហាណូយ និងហូជីមិញ ត្រូវបានបិទបន្ទាប់ពីអ្នកលក់នៅទីនោះឆ្លងជំងឺកូវីដ-១៩។ ចាប់តាំងពីរលកបានចាប់ផ្តើមនៅថ្ងៃទី២៧ ខែមេសា មក ការចម្លងក្នុងសហគមន៍ជាង ១៨៥,០០០ ត្រូវបានកត់ត្រានៅក្នុងទីក្រុងនិងខេត្តចំនួន ៦២ នៃប្រទេសវៀតណាមដោយមានទីក្រុងហូជីមិញមានករណីច្រើនជាងគេ គឺ១១២,០០០៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress