យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កាលពីថ្ងៃពុធ ១១រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំក្រុមការងារគណៈកម្មការទី៦ របស់រដ្ឋបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យទីតាំងផ្សារលើ និងផ្សារ តារាសំណាង ស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីរៀបចំបើកឱ្យដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីផ្សារទាំងពីរត្រូវបានបិទកន្លងមក ដោយសាររកឃើញអាជីវកលក់ដូរ មានវិជ្ជមាន ជំងឺកូវីដ-១៩។
តាមការចុះពិនិត្យឃើញថា ផ្សារទាំងពីរនេះ បានរៀបចំរៀបរយបានល្អ ស្របតាម ការណែនាំរបស់គណៈកម្មការទី៦ និងអនុវត្តន៍តាមវិធានការសុខាភិបាល ដែលមានដាក់ ទូរបាញ់អាល់កុលសម្លាប់មេរោគនៅផ្លូវចេញចូលផ្សារ បំពាក់ម៉ាស៊ីនវាស់កម្ដៅ នៅតាម ច្រកចេញចូលតាមបទដ្ឋានបច្ចេកទេស រក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម ចៀសវៀងការ ប្រជ្រៀតគ្នា នៅពេលដែលបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ចូលផ្សារនាំឱ្យមាន ការចម្លងជំងឺកូវីដ១៩។
លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃថា ការអនុវត្ត នីតិវិធីរបស់រដ្ឋបាលខេត្ត និងវិធានសុខាភិបាលជាការចាំបាច់ ពិសេសការរក្សាគម្លាត សុវត្ថិភាព និងគម្លាតសង្គមជាចំណុចចម្បង ដូច្នេះប្រធាន ឬអ្នកគ្រប់គ្រងផ្សារទាំងពីរ ក៏ដូចជា ផ្សារផ្សេងទៀត និងផ្សារម៉ាតក្នុងខេត្តព្រះសីហនុទាំងអស់ ត្រូវតែអនុវត្តន៍ឱ្យបានខ្ជាប់ ខ្ជួនតាមវិធានការរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់សម្តេចតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៣.កុំ និង៣.ការពារ និងបានដាក់ចេញនូវវិធានការ ដាច់ខាតចំពោះអាជីវករទាំងអស់ត្រូវត្រួតពិនិត្យសុខភាពរកមេរោគកូវីដ-១៩ជាមុនសិន ទើប អនុញ្ញាតឱ្យបើកដំណើរការលក់ដូរឡើងវិញ ដើម្បីធានាថា បងប្អូនអាជីវកររបស់យើង មិនមានឆ្លងជំងឺកូវីដ-១៩៕




ប្រភព៖ ក្រសួងព័ត៌មាន


