ក្រុមហ៊ុន ទូរគមនគមន៍ដ៏ធំបំផុតរបស់អូស្រ្តាលី Telstra Corp បានប្រកាសកាលពីថ្ងៃអង្គារថា ឥឡូវនេះប្រជាជននៅក្នុងប្រទេស អាចធ្វើការហៅទូរស័ព្ទដោយឥតគិតថ្លៃនៅទូទាំងប្រទេស ដោយប្រើបណ្ដាញទូរស័ព្ទបង់ប្រាក់សាធារណៈជាង ១៥,០០០ទូ។ ទូទូរស័ព្ទដែលប្រើកាក់ ពីបុរាណនឹងលែងតម្រូវឱ្យបង់ប្រាក់ ដើម្បីផ្ញើសារ ឬធ្វើការហៅទូរស័ព្ទរហូតដល់ ៦ ម៉ោងទៅលេខទូរស័ព្ទលើតុ និងទូរស័ព្ទចល័តដរាបណាពួកគេស្ថិតនៅក្នុងប្រទេសអូស្ត្រាលី។ ការផ្លាស់ប្ដូរនេះ ក្រុមហ៊ុនទូរគមនាគមន៍សង្ឃឹមថា នឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនដែលងាយរងគ្រោះបំផុតរបស់ប្រទេសអូស្រ្តាលី។
ក្រុមហ៊ុន Telstra បានឱ្យដឹងថា ថ្វីបើការធ្លាក់ចុះនៃទូរស័ព្ទសាធារណៈចាប់តាំងពីការដាក់ឱ្យដំណើរការទូរស័ព្ទចល័តក៏ដោយ ក៏ទូទូរស័ព្ទសាធារណៈនៅតែមាននៅតាមទីសាធារណៈ ហើយវានៅតែជាផ្នែកសំខាន់នៃហេដ្ឋារចនាសម្ព័ន្ធសង្គម និងសហគមន៍ ជាពិសេសនៅក្នុងសហគមន៍ និងតំបន់ដាច់ស្រយាល និងក្នុងគ្រាមានវិបត្តិកូវីដ-១៩។
នាយកប្រតិបត្តិលោក Andrew Penn បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កាលពីឆ្នាំមុនជនជាតិអូស្រ្តាលីបានធ្វើការហៅទូរស័ព្ទចំនួន ១១ លានដង តាមរយៈទូរស័ព្ទសាធារណៈ ដោយរាប់បញ្ចូលទាំងការហៅទូរស័ព្ទជាង ២៣០.០០០ ដងទៅកាន់សេវាកម្មសំខាន់ៗដូចជា “000”។ លោកបានបន្ថែមថា ទូរស័ព្ទសាធារណៈ ក៏ជាខ្សែជីវិតដ៏សំខាន់សម្រាប់ប្រជាជនអូស្ត្រាលី ដែលងាយរងគ្រោះរាប់ពាន់នាក់ដូចជា ជនអនាថាគ្មានផ្ទះសម្បែង ឬមនុស្សដែលកំពុងរត់គេចពីអំពើហិង្សាក្នុងគ្រួសារ សម្រាប់ស្វែងរកជំនួយ។
ទន្ទឹមនឹងនេះ លោក Andrew Penn ក៏បានបន្តថា ការផ្លាស់ប្តូរនេះត្រូវបានគេរំពឹងថា នឹងធ្វើឱ្យក្រុមហ៊ុនទូរគមនាគមន៍ខាតបង់ប្រាក់ប្រហែល ៥ លានដុល្លារអូស្រ្តាលី (៣.៧ លានដុល្លារ) ក្នុងមួយឆ្នាំនៅក្នុងប្រាក់ចំណូល។ គួរឱ្យដឹងថា Telstra Corp បានទទួលខុសត្រូវក្នុងការថែរក្សាបណ្តាញទូរស័ព្ទសាធារណៈរបស់អូស្រ្តាលី ចាប់តាំងពីទសវត្សឆ្នាំ ១៨៨០ ហើយសព្វថ្ងៃនេះមានបណ្តាញទូរស័ព្ទសាធារណៈតែ ១៥,០៧៦ ប៉ុណ្ណោះដែលដំណើរការនៅទូទាំងប្រទេស៕



អត្ថបទ៖ លីនី
ប្រភព៖ kyodonews


