កសិករនៅក្រុងសៀមរាប ដាំតែបន្លែចម្រុះ ក៏អាចរកប្រាក់ចំណូលបាន ៤០០ដុល្លារក្នុងមួយខែ
អាជីវកម្ម August 5, 2021 Khmernote

កសិករដាំបន្លែចម្រុះមួយរូបរស់នៅក្នុងក្រុងសៀមរាប អាចរកប្រាក់ចំណូលបាន៤០០ដុល្លារក្នុងមួយខែពីមុខរបរនេះ ដែលធ្វើឱ្យជីវភាពក្រុមគ្រួសារបានល្អប្រសើរ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ អ្នកស្រី ណន ង៉ា អាយុ៥០ឆ្នាំ រស់នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាបបានឱ្យដឹងថា អ្នកស្រីចាប់យកមុខរបរដាំបន្លែលក់ រយៈពេលប្រមាណ ២០ឆ្នាំមកហើយ ដោយបច្ចុប្បន្នមានដាំបន្លែចម្រុះជាច្រើនមុខ ដូចជាស្ពៃគ្រប់មុខ សាលាដ៏អឺរ៉ុប ម្ទេសវិលជុំ និង បន្លែជាច្រើនប្រភេទទៀត ដើម្បីលក់ផ្គត់ផ្គង់តម្រូវការទីផ្សារ។

អ្នកស្រីបន្តថា ដើម្បីឱ្យការដាំដុះដំណាំទទួលបានទិន្នផលខ្ពស់ ចៀសវាងជំងឺរាតត្បាតបំផ្លាញដំណាំ អ្នកស្រីជ្រើសរើសការដាំក្នុងរោង សំណាញ់ តាមបែបបច្ចេកទេសថ្មី ដែលផ្តល់ភាពងាយស្រួលច្រើន កាត់បន្ថយទាំងកម្លាំងពលកម្ម និងធានាបានសុវត្ថិភាពសម្រាប់ អ្នកបរិភោគ។

អ្នកស្រីបន្តថា នៅពេលបន្លែបានប្រមូលផលហើយ អ្នកស្រីសម្រេចចិត្តយកទៅលក់នៅឯផ្សារជិតផ្ទះដោយខ្លួនឯងខ្លះ និងលក់បោះឱ្យ ម៉ូយខ្លះ ដោយក្នុងមួយសប្តាហ៍អាចរកប្រាក់ចំណេញបាន៤០ម៉ឺនរៀល ពីការលក់បន្លែនេះ ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។

«ខ្ញុំដាំស្ពៃក្រញាញ់ ស្ពៃតឿ ស្ពៃចង្កឹះ សាលាដ៏អឺរ៉ុប ដាំក្នុងផ្ទះសំណាញ់ផង ដាំក្រៅផង ដាំចម្រុះមុខ ក្បាល១០ម៉ែត្រ បណ្តោយ២៤ម៉ែត្រ បើក្រៅគ្រាន់តែដាក់ដំបូល ក្បាល៤ម៉ែត្របណ្តោយ១៨ម៉ែត្រ ទាំងអស់៦រង ដូចជាខ្ញុំដាំ បណ្តាក់ៗមិនបានដាំ ប្រមូលផលសរុបទាំងអស់ទេ អាណាធំក៏ដកមុនទៅ ដាំតាមបច្ចេកទេសថ្មីបានស្រួលជាង ពីដើមដាំមិនដែលបានទេ ខ្ញុំលក់តែសៅរ៍ អាទិត្យខ្លួនឯង បានតម្លៃសមរម្យអាចអាទិត្យណាបន្លែខ្ញុំប្រមូលបានច្រើន លក់បានច្រើនដែរ បាន១០០ដុល្លារ បានសមរម្យ។

សូមជម្រាបផងដែរថា នៅខេត្តសៀមរាបមានកសិករជាច្រើនបានផ្លាស់ប្តូរទម្លាប់ការដាំដុះបន្លែ សុវត្ថិភាពនៅក្នុងផ្ទះសំណាញ់ ដោយមានការផ្តល់បច្ចេកទេសពីមន្រ្តីជំនាញកសិកម្មខេត្ត ដើម្បីធ្វើឱ្យកសិករដាំដុះបន្លែទទួលបានផលច្រើនចំណាយដើមទុនតិច មានភាពងាយស្រួល និងមិនប្រើប្រាស់កម្លាំងពលកម្មច្រើន។ជាងនេះទៅទៀត ក្រុមកសិករបានផ្លាស់ប្តូរឥរិយាបថ ពីការផលិតជា លក្ខណៈគ្រួសារទៅជាការផលិតជាក្រុម ជាបណ្តុំ និងជាសហគមន៍ផលិត ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការអនុវត្តន៍កសិកម្មល្អ (CamGAP) និងជាបន្តបន្ទាប់ប្រែក្លាយទៅជាកសិ-ពាណិជ្ជករ ប្រកបដោយភាពវៃឆ្លាតក្នុងបរិបទ នៃបច្ចេកវិទ្យា ឌីជីថល ធានាបានការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង៕

ប្រភព៖ ក្រសួងព័ត៌មាន