សារព័ត៌មាន Bangkok Post នាដ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ នេះបានចេញផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ Thai Airways (THAI) កំពុងលក់អចលនទ្រព្យ និងអគារចំនួន ១០ នៅទូទាំងប្រទេស ក្នុងគោលបំណងដើម្បីប្រមូលប្រាក់ ស្តារអាជីវកម្មដែលកំពុងជួបនឹងវិបត្តិឡើងវិញ នេះបើយោងតាមការបង្ហើបពីក្រុមហ៊ុនអាកាសចរណ៍មួយ។
ប្រភពបាននិយាយថា ក្រុមហ៊ុនអាកាសចរណ៍នេះកំពុងស្វែងរកអ្នកទិញនូវអចលនទ្រព្យដ៏ធំបំផុតរបស់ខ្លួន ដើម្បីបង្កើនលំហូរសាច់ប្រាក់ ខណៈដែលក្រុមហ៊ុនកំពុងព្យាយាមរៀបចំរចនាសម្ព័ន្ធបំណុលចំនួន ២៤៥ ពាន់លានបាត តាមរយៈការពង្រីកការទូទាត់ ការលើកលែងការប្រាក់ និងការផ្លាស់ប្តូរបំណុលទៅជាភាគហ៊ុន។
ជាងនេះទៅទៀតក្រុមហ៊ុនអាកាសចរណ៍នេះ ក៏បានណែនាំពីគម្រោងឈប់សម្រាកដោយមិនបង់ប្រាក់ និងការកាត់ប្រាក់ខែសម្រាប់បុគ្គលិកផងដែរ។ គួរបញ្ចាក់ផងដែរថា អចលនទ្រព្យនិងអគារចំនួន ១០ ដែលត្រូវដាក់លក់គឺស្ថិតនៅនៅទីក្រុងបាងកក និងខេត្តរួមមាន ខេត្ត Khon Kaen, Chiang Mai, Chiang Rai, Phuket និង Phitsanulok។
ជាមួយគ្នានេះដែរអគារដែលត្រូវដាក់លក់នៅលើទីផ្សារ គឺជាអគារដែលបម្រើការជាការិយាល័យអាកាសចរណ៍។ អគារទាំងនោះមានដូចជាអគារកម្ពស់ ៤ ជាន់នៅលើផ្លូវ Silom អគារការិយាល័យកម្ពស់ ៨ ជាន់ដែលមានចំណតរថយន្ត ៦ ជាន់នៅលើផ្លូវ Lan Luang និងអគារពីរជាន់ឈ្មោះថា «Rak Khun Thao Fa» នៅព្រលានយន្ត Don Mueang៕





អត្ថបទ៖ លីនី
ប្រភព៖ bangkokpost


