ទីក្រុងហាណូយ បិទផ្សារបោះដុំដ៏ធំបំផុតរបស់ខ្លួន បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដម្នាក់
អាជីវកម្ម August 4, 2021 Khmernote

Long Bien ដែលជាទីផ្សារបោះដុំធំបំផុតរបស់ទីក្រុងហាណូយដែលអាជីវករលក់ដូរជាលក្ខណៈគ្រួសារប្រហែល ១,២០០ គ្រួសារត្រូវបានបិទទ្វារកាលពីរសៀលថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីអ្នកដឹកជញ្ជូនម្នាក់ត្រូវបានគេរកឃើញថា មានផ្ទុកវីរុសកូវីដ-១៩។

គួររម្លឹកថា ផ្សារនេះត្រូវបានបិទមួយផ្នែករួចមកហើយ កាលពីថ្ងៃអាទិត្យបន្ទាប់ពីអ្នកលក់គ្រឿងសមុទ្រម្នាក់ បានធ្វើតេស្តវិជ្ជមានវីរុសកូវីដ១៩ ។ Long Bien នៅស្រុក Ba Dinh គឺជាផ្សារបោះដុំទី ៤ ហើយ ដែលត្រូវបានបិទក្នុងរយៈពេលមួយសប្តាហ៍នៅក្នុងរដ្ឋធានីបន្ទាប់ពី Phung Khoang, Minh Khai និងផ្សារនៅភាគខាងត្បូង។

យ៉ាងណាមិញចំពោះករណីឆ្លងថ្មីនេះ អាជ្ញាធរសុខាភិបាលបានប្រមូលសំណាកពីអ្នកលក់និងអ្នកគ្រប់គ្រងផ្សារចំនួន ១៥០ នាក់ដើម្បីធ្វើតេស្ត ដោយណែនាំអ្នកដទៃនិងប្រជាជនដែលបានមកផ្សារនេះតាំងពីថ្ងៃទី ១៨ ខែកក្កដា ឱ្យតាមដានសុខភាព និងដាក់ដោយឡែកពីគេ ហើយជូនដំណឹងដល់មន្រ្តីសុខាភិបាលក្នុងតំបន់៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress