បណ្តុំអាជីវកម្មកែច្នៃត្រីធម្មជាតិក្នុងខេត្តកំពង់ធំ សំណូមពរឱ្យអតិថិជនជួយគាំទ្រផលិតផលត្រីកែច្នៃនៅក្នុងស្រុក
អាជីវកម្ម August 3, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា បណ្តុំអាជីវកម្មផលិតត្រីឆ្អើរ ត្រីងៀត និងស្បៀងក្រៀមជាច្រើនមុខនៅខេត្តកំពង់ធំ សំណូមពរឱ្យអថិជនជួយគាំទ្រ ផលិតផលរបស់ខ្លួន ដើម្បីជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅក្នុងតំបន់។ លោកទន់ យីន ប្រធានបណ្តុំក្រុមកែច្នៃសហគមន៍នេសាទបឹងរំពេរ ខេត្តកំពង់ធំបានឱ្យដឹងថា បណ្តុំអាជីវកម្មនេះ ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៨ បច្ចុប្បន្នមានការគាំទ្រពីកម្មវិធីអាស្បាយ (ASPIRE) ដើម្បីស្វែងរកទីផ្សារ និងជំរុញលើកទឹកចិត្តដល់ប្រជានេសាទ ឱ្យចេះកែច្នៃផលិតផលត្រីស្រស់ធម្មជាតិ សម្រាប់លក់ជូនអតិថិជន។

លោកបន្តថា ប្រជាពលរដ្ឋជាសមាជិកបណ្តុំអាជីវកម្ម ចំនួនជាង៥០គ្រួសារ រស់នៅក្នុងភូមិចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ អាចកែច្នៃ ផលត្រី ស្រស់ដែលនេសាទ មកជាផលិតផលស្បៀងជាច្រើនប្រភេទ មានដូចជា៖ត្រីឆ្អើរត្រីងៀត ប្រហិតត្រីឆ្លាត ប្រហុក ផ្អក ម៉ាំ ទៅតាមតម្រូវការអតិថិជន ព្រោះវាជាស្បៀងបម្រុងទុកយ៉ាងសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ។ លោកបន្តថា ក្នុងមួយខែ បណ្តុំអាជីវកម្មពួកគាត់អាចមានលទ្ធភាព ផលិតត្រីឆ្អើរ ត្រីងៀត និងស្បៀងក្រៀមជាច្រើនមុខទៀត បានប្រមាណជិត ២តោន ដើម្បីលក់ទៅកាន់ទីផ្សារក្នុងស្រុក ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ ការបញ្ជាទិញហាក់មានការធ្លាក់ចុះមួយកម្រិត ដោយសារវិបត្តិនៃជំងឺកូវីដ១៩។

លោកបានសំណូមពរ ដល់អតិថិជនទាំងអស់ សូមបន្តចូលរួមគាំទ្រ ផលិតផលត្រីធម្មជាតិ របស់បងប្អូនប្រជានេសាទបឹងរំពេរ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើ និងអាចទទួលបានផលត្រីដែលមានអនាម័យខ្ពស់ ទាំងគុណភាព ការវេចខ្ចប់ធានាមិនប្រើប្រាស់សារធាតុគីមីដែលនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។អតិថិជនអាចធ្វើការបញ្ជាទិញផលិតផលត្រីងៀត ត្រីឆ្អើរ នៅសហគមន៍ នេសាទបឹងរំពេរ ស្ថិតនៅភូមិចំបក់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ឬទំនាក់ទំនងតាមទូរស័ព្ទលេខរបស់សមាជិកសហគមន៍។

“ក្នុងក្រុមបណ្តុំកែច្នៃយើងហ្នឹង មាន៥០គ្រួសារ បើយើងបូកគ្នាទៅ ក្នុងមួយខែប្រហែល ១តោនជាងទៅ២តោន បើសិនយើងបង្កើនទីផ្សារបានច្រើន តែសព្វថ្ងៃវាពិបាករឿងទីផ្សារ ត្រង់ថាយើងលក់ទីផ្សារក្នុងស្រុក យើងអត់ទាន់បានទៅឆ្ងាយៗត្រឹមតាំងក្រសាំង ភ្នំពេញខ្លះៗ ខ្ញុំមានប្រភេទត្រីឆ្អើរត្រីងៀត ប្រហិតត្រីឆ្លាត ប្រហុកគ្រប់ប្រភេទ ផ្អក ម៉ាំនិយាយរួមទៅបណ្តុំក្រុមកែច្នៃយើងខ្ញុំធ្វើបានច្រើនប្រភេទ សំណូមពរអតិថិជនឬប្រជាពលរដ្ឋទូទាំងប្រទេស សូមជួយគាំទ្រផលិតផលរបស់កម្ពុជា ដូចជាក្រុមកែច្នៃយើងខ្ញុំនេះ មានអនាម័យត្រឹមត្រូវ មានឈ្មោះ មានលេខទូរស័ព្ទ និងទីតាំងត្រឹមត្រូវ មិនមានលាយជាតិគីមីទេ ហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់បើសិនយករបស់ពួកយើងទៅហើយមានបញ្ហា”។

សូមជម្រាបផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏តែងតែងលើកទឹកចិត្តនិងគំាទ្រឱ្យមានការកែច្នៃត្រីស្រស់ជាស្បៀងអាហារដូចជា ផ្អក ត្រីឆ្អើរ និងត្រីងៀតជាដើម ដើម្បីផ្គត់ផ្គង់នៅលើទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន