ដំណឹងល្អ! ក្រសួងពាណិជ្ជកម្ម រៀបចំបេសកកម្មស្វែងរកដៃគូពាណិជ្ជកម្មរវាងកម្ពុជា ចិន អាស៊ាន និងប៉ាគីស្ថាន ដែលអនុញ្ញាតឱ្យសហគ្រិនក្នុងស្រុកទាំងអស់ចូលរួមដោយឥតគិតថ្លៃ
អាជីវកម្ម August 3, 2021 Khmernote

ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ នេះ បាន​ចេញសេចក្ដីជូនដំណឹងស្ដីពី ការបន្ត​រៀបចំពិព័រណ៍​ចិន-អាស៊ានលើកទី១៨ ​“The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១។ ក្នុងនោះ ក្រសួងបានជម្រាបជូនដំណឹងដល់បណ្តាធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវាទាំងអស់ដែលកំពុង ធ្វើធុរកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យ​បានជ្រាបថា៖ ក្រសួងពាណិជ្ជកម្ម រួមសហការជាមួយគណៈកម្មការ រៀបចំពិព័រណ៍ចិន-អាស៊ាន នឹងបន្ត​រៀបចំពិព័រណ៍​ចិន-អាស៊ានលើកទី១៨ ​“The 18th China-ASEAN Expo 2021” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០-១៣ ខែកញ្ញា ឆ្នាំ២០២១ ​​នៅមជ្ឈមណ្ឌលសន្និសីទ និង​ពិព័រណ៍អន្តរជាតិ នាទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន តាមទម្រង់កូនកាត់ (Hybrid) គឺចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធអនឡាញ។

ក្នុងឱកាសនៃការចូលរួមរៀបចំពិព័រណ៍ខាងលើ ក្រសួងពាណិជ្ជកម្ម មានរៀបចំបេសកកម្មស្វែងរកដៃគូ ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ (Online Trade Visitors) សម្រាប់ធុរជន សហគ្រិន វិនិយោគិន និងអ្នកផ្តល់សេវា ទាំងឡាយ ដែលមានបំណងផ្លាស់ប្តូរពាណិជ្ជកម្មលើមុខទំនិញកសិកម្ម ម្ហូបអាហារនិងភេសជ្ជៈ ទំនិញប្រើប្រាស់ទូទៅ វិស្វកម្មនិងគ្រឿងសំណង់ គ្រឿងម៉ាស៊ីន គ្រឿងអេឡិកត្រូនិក សម្ភារៈវេចខ្ចប់ ឧបករណ៍បច្ចេកវិទ្យា សេវាកម្ម​ហិរញ្ញវត្ថុ ទេសចរណ៍ ឬគម្រោងវិនិយោគជាដើម ។ល។ ជាមួយពាណិជ្ជករចិន អាស៊ាន និងប៉ាគីស្ថាន សូមអញ្ជើញ មកដាក់ពាក្យចូលរួមដោយឥតគិតថ្លៃនៅនាយកដ្ឋានកិច្ចការពិព័រណ៍ ចាប់ពីកាលបរិច្ឆេទផ្សាយដំណឹងនេះរហូតដល់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។ នៅពេលទទួលបានពាក្យចូលរួមហើយ ក្រសួងពាណិជ្ជកម្ម​នឹងផ្ញើបញ្ជីឈ្មោះជូន គណៈកម្មការពិព័រណ៍ចិន-អាស៊ាន ដើម្បីស្នើសុំលេខកូដ (Access Code) សម្រាប់ចូលរួមក្នុងវេទិកាខាងលើតាម​ប្រព័ន្ធអនឡាញ។​

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងជាមួយនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញ ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​ តាមរយៈអាសយដ្ឋាន៖ ដីឡូត៍លេខ ១៩-៦១ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។
* – ទូរស័ព្ទលេខ៖ ០១៦ ៤១៦ ៨២៥ ឬ ០៨៧​ ៧៥៥ ៥៥១
* – អ៊ីម៉ែល៖ chaoji168@gmail.comritatong19@gmail.com

អត្ថបទ៖ លីនី