ផ្សារទំនើបជាច្រើននៅក្រុងហាណូយ ចាប់ផ្ដើមកំណត់ចំនួនអតិថិជន និងបរិមាណទិញទំនិញ ដើម្បីទប់ស្កាត់វីរុសកូវីដ និងបញ្ហាកង្វះស្បៀង
អាជីវកម្ម August 3, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ផ្សារទំនើបជាច្រើននៅក្រុងហាណូយ កំពុងចាប់ផ្ដើមដាក់គម្លាតសង្គមដោយកំណត់ចំនួនអតិថិជន និងបរិមាណគ្រឿងឧបភោគបរិភោគដែលពួកគេទិញ។ ផ្សារទំនើបទាំងនោះរួមមាន ផ្សារទំនើប BigC Thang Long ,MM Mega Market, Aeon Mall Ha Dong និង Go!Market Supermarket នៅស្រុក Thanh Xuan។

ប្រភពដដែលបានឱ្យដឹងថា ផ្សារទំនើបទាំងនោះ បានកំណត់ចំនួនអតិថិជនឱ្យចូលទិញទំនិញក្នុងបរិវេណទីតាំងផ្សាររបស់ខ្លួន ដោយត្រូវបង្ហាញពីស្ថានភាពសុខភាព ឬ តាមរយៈការស្កេន QR កូដ ហើយត្រូវពិនិត្យសីតុណ្ហភាព លាងដៃ ទទួលប័ណ្ណចូល និងតម្រង់ជួរ។ រៀងរាល់ ១០ នាទីម្តង បុគ្គលិកផ្សារទំនើបនឹងណែនាំអតិថិជនមួយក្រុមឱ្យចូលទៅក្នុងហាងនោះ។

លើសពីនេះ ផ្សារទំនើបទាំងនោះ កំណត់បរិមាណទំនិញ ដោយអតិថិជនអាចទិញស៊ុត ក្នុងម្នាក់បានតែ ៣គ្រាប់ប៉ុណ្ណោះសម្រាប់មួយថ្ងៃ ប៉ុន្តែចំនួននេះ ត្រូវបានកំណត់ខុសគ្នានៅតាមផ្សារ ពោលគឺផ្សារខ្លះកំណត់ឱ្យអតិថជនម្នាក់ទិញបាន ៥គ្រាប់ ឯខ្លះទៀត ៣០គ្រាប់ជាដើម។

គួរឱ្យដឹងថា នៅតាមផ្សារទំនើបនានានៅទូទាំងទីក្រុងហាណូយ គ្រឿងឧបភោគបរិភោគសំខាន់ៗភាគច្រើនដូចជា បន្លែនិងផ្លែឈើស្រស់មានច្រើន ប៉ុន្តែមានតែពងមាន់ទេដែលមិនគ្រប់គ្រាន់ពីមួយពេលទៅមួយពេល ដូច្នេះផ្សារទំនើបជាច្រើនបានកំណត់ចំនួនស៊ុតដែលអតិថិជនអាចទិញបាន។ ជាមួយគ្នានេះ ផ្សារទំនើបនៅហាណូយ ក៏កំពុងចាត់វិធានការតឹងរ៉ឹង ដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ទាប់ពីទីផ្សារលក់ដុំ និងផ្សារទំនើបមួយចំនួននៅក្នុងរដ្ឋធានីត្រូវបានបិទទ្វារដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress