ស៊ូលែងរួច! ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia ផ្អាកជើងហោះហើរទាំងអស់ និងពន្យារពេលបើកប្រាក់ខែដល់បុគ្គលិក
អាជីវកម្ម August 2, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Thai AirAsia បានផ្អាកជើងហោះហើរទាំងអស់នៅខែនេះ និងពន្យារពេលបើកប្រាក់ខែដល់បុគ្គលិករបស់ខ្លួនទាំងស្រុង ឬមួយផ្នែក រហូតដល់ខែកញ្ញា។ ក្រុមហ៊ុនអាកាសចរណ៍ដែលត្រូវបានគេចាត់ទុកថា ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកមួយដែលមានភាពរឹងមាំបំផុត បានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដោយសារចំនួនអ្នកដំណើរធ្លាក់ចុះដល់ចំណុចទាបជាប់គ្នាៗ ចាប់តាំងពីជំងឺរាតត្បាត Covid-19 បានចាប់ផ្តើមកាលពីដើមឆ្នាំមុន។

សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍នេះបានបញ្ឈប់ការហោះហើរបន្ទាប់ពីការរឹតត្បិតទប់ស្កាត់វីរុសកូវីដ-១៩ ត្រូវបានដាក់ឲ្យដំណើរការកាលពីខែមុន។ ក្រុមហ៊ុនបានឱ្យដឹងថា ជើងហោះហើរទាំងអស់នឹងត្រូវផ្អាកនៅពេលនេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែង ដើម្បីស្វែងរកប្រាក់កម្ចីតែមិនទទួលបានការយល់ព្រម។ កត្តាមួយទៀតនៅក្នុងការសម្រេចចិត្ត បញ្ឈប់ជើងហោះហើរ គឺដោយសារបទបញ្ជាបិទប្រទេសថ្មីៗនេះរួមមាន ការរឹតបន្តឹងការធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា អាជីវកម្មអាកាសចរណ៍កាន់តែច្រើននៅក្នុងប្រទេសថៃ ក៏កំពុងប្រឈមនឹងវិបត្តិហរិញ្ញវត្ថុ និងកង្វះលំហូរសាច់ប្រាក់។ ដូច្នេះហើយ Thai AirAsia បានប្រកាសពន្យារពេលបើកប្រាក់ខែទាំងមូល ឬមួយផ្នែកនៃបុគ្គលិករបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយសម្ពាធលើការចំណាយ។

ក្នុងនោះ ប្រាក់ខែក្នុងខែកក្កដាសម្រាប់នាយកប្រតិបត្តិនឹងត្រូវបង់នៅខែកញ្ញា ខណៈនិយោជិកដែលនៅប្រតិបត្តិការនឹងត្រូវបានបង់ ៥០% នៃប្រាក់ខែសម្រាប់ខែកក្កដារបស់ពួកគេនៅខែនេះ និងនៅសល់នឹងបង់ឱ្យក្នុងខែកញ្ញា។ ដើយឡែកនិយោជិកដែលត្រូវបានព្យួរការងារនឹងទទួលបាន ២៥% នៃប្រាក់ខែរបស់ពួកគេនៅខែកញ្ញាផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost