ទីក្រុងហាណូយ បិទផ្សារបោះដុំចំនួន ២បន្ថែមទៀត ដោយសារករណីកូវីដ-១៩ថ្មី
អាជីវកម្ម August 2, 2021 Khmernote

ផ្សារបោះដុំធំៗចំនួន ២រួមមាន Phung Khoang និង Minh Khai នៅទីក្រុងហាណូយ ត្រូវបានបិទទ្វារកាលពីថ្ងៃអាទិត្យ បន្ទាប់ពីអ្នកលក់នៅក្នុងផ្សារទាំងពីរនេះឆ្លងជំងឺកូវីដ-១៩ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress។ អាជ្ញាធរស្រុក Bac Tu Liem បានឱ្យដឹងថា ផ្សារ Minh Khai នឹងនៅតែបិទទ្វាររហូតដល់មានការជូនដំណឹងបន្ថែម ហើយអាជីវករនិងក្រុមគ្រួសាររបស់ពួកគេទាំងអស់ត្រូវបានប្រាប់ឱ្យតាមដានសុខភាពខ្លួនឯង និងជូនដំណឹងដល់អាជ្ញាធរសុខាភិបាលក្នុងតំបន់ ប្រសិនបើមានរោគសញ្ញាកូវីដ-១៩ ។

ផ្សារបោះដុំមួយនេះ លាតសន្ធឹងលើផ្ទៃដី ៣ម៉ឺនម៉ែត្រការ៉េ និងមានអាជីវករលក់ដូរប្រហែល ១០០០ នាក់ ហើយលក់អាហារប្រហែល ២៥០ តោនជារៀងរាល់ថ្ងៃ។ ស្របពេលជាមួយគ្នានោះដែរ ស្រុក Nam Tu Liem បានបិទផ្សារបោះដុំ Phung Khoang និងប្រមូលសំណាកអ្នកលក់ចំនួន ៥៣០ នាក់ដើម្បីធ្វើតេស្តរកមេរោគកូវីដ បន្ទាប់ពីអ្នកលក់ម្នាក់ត្រូវបានគេរកឃើញថាវិជ្ជមាន។ ផ្សារនេះមានទំហំ ១៣.៥០០ ម៉ែត្រការ៉េ និងមានអាជីវករលក់ដូរ ៦០០ នាក់។

គួរបញ្ជាក់ផងដែរថា មុនពេលបិទផ្សារបោះដុំធំៗទាំងពីរនេះ ទីក្រុងហាណូយក៏បានបិទផ្សារលក់រាយ និងដុំមួយចំនួនរួចមកហើយ។ ហើយបច្ចប្បន្ន ទីក្រុងនេះមានផ្សារចំនួន ៤៥៩ មជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ២៨ ផ្សារទំនើបចំនួន ១២៣ ហាងលក់ទំនិញចំនួន ១,៨០០ តូបលក់អាហារចំនួន ២,៣៨២ និងហាងលក់គ្រឿងទេសរាប់ម៉ឺនកន្លែង៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress