ផ្សារដ៏ល្បី និងទាក់ទាញភ្ញៀវទេសចរអាយុកាល ១០០ឆ្នាំ នៅខេត្តសាមុតសាខន ត្រូវបានអគ្គិភ័យឆាបឆេះរងការខូចខាត
អាជីវកម្ម August 2, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មានបានឱ្យដឹងថា ផ្សារដ៏ល្បីនិងទាក់ទាញភ្ញៀវទេសចរមួយនៅក្នុងស្រុក Ban Phaeo ខេត្តសាមុតសាខន ប្រទេសថៃ ត្រូវបានអគ្គិភ័យឆាបឆេះ កាលពីម៉ោង ៦យប់ រាត្រីថ្ងៃសៅរិ៍ ទី៣១ ខែកក្កដា កន្លងទៅថ្មីៗនេះ។ ផ្សារឈើក្បែរមាត់ទន្លេដែលមានអាយុកាល ១០០ ឆ្នាំស្ថិតនៅក្នុង “តំបន់ក្រហមក្រម៉ៅ” ជាមួយនឹងវិធានការត្រួតពិនិត្យបំរាមគោចរ ដែលបង្កឱ្យមានភាពរាំងស្ទះ និងធ្វើឱ្យក្រុមអ្នកពន្លត់អគ្គីភ័យ និងក្រុមអ្នកស្ម័គ្រចិត្តជួយសង្គ្រោះមានការយឺតយ៉ាងចូលទៅដល់កន្លែងដែលឆេះ។

លោក Weerasak Wijitsaengsri អភិបាលខេត្តសាមុតសាខនបាននិយាយថា ភ្លើងត្រូវបានគ្រប់គ្រងក្នុងរយៈពេលកន្លះម៉ោងដោយមានការបាញ់ទឹកពន្លត់ និងទាប់ស្កាត់នៅទូទាំងផ្សារ។ ជាមួយគ្នានេះដែរ​ លំនៅដ្ឋានជាង ១០ ខ្នងត្រូវបានខូចខាត ប៉ុន្តែគ្មាននរណាម្នាក់រងរបួសឡើយ ហើយអ្នកស្រុកត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។

គួរបញ្ជាក់ផងដែរថា ផ្សារឈើមាត់ទន្លេដែលមានអាយុកាល ១០០ ឆ្នាំនៅជិតប្រឡាយ Damneon Saduak មានសហគមន៍បុរាណមួយដែលទាក់ទាញភ្ញៀវទេសចរជាច្រើន ខណៈអ្នកលក់ក្នុងស្រុកលក់ផលិតផល ដែលធ្វើដោយដៃរបស់ពួកគេជាប្រចាំថ្ងៃ៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand