ក្រុមហ៊ុនផលិតឱសថ ៣០មកពីឥណ្ឌា គ្រោងសាងសង់មជ្ឈមណ្ឌលផលិតឱសថ ជាលើកដំបូងនៅក្នុងប្រទេសវៀតណាម
អាជីវកម្ម July 30, 2021 Khmernote

ក្រុមហ៊ុនផលិតឱសថចំនួន ៣០ មកពីប្រទេសឥណ្ឌា គ្រោងសាងសង់ឧទ្យានដើម្បីផលិតឱសថ (Pharma Park) ដំបូងនៅប្រទេស វៀតណាម ហើយឧទ្យានបច្ចេកវិទ្យាខ្ពស់របស់ទីក្រុងដាណាងត្រូវបានគេណែនាំថាជាទីតាំងដ៏ល្អសម្រាប់ក្រុមហ៊ុនទាំងនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាម ក្រុមពាណិជ្ជកម្មឥណ្ឌាដែលមានចំណែក ៣០% នៃការនាំចេញរបស់ឥណ្ឌា រំពឹងថានឹងសាងសង់មជ្ឈមណ្ឌលផលិតឱសថ និងបំពេញនូវការខ្វះខាតសម្ភារៈនិងឱសថ ដែលផ្គត់ផ្គង់សង្វាក់ផលិតកម្មឱសថរបស់វៀតណាម។

អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងដាណាង លោក Ho Ky Minh បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធឧទ្យានបច្ចេកវិទ្យាខ្ពស់ចំនួន ១,១៨៤ ហិកតារបស់ទីក្រុង ត្រូវបានចាត់ទុកថា ជាទីតាំងសក្តានុពលសម្រាប់ឧទ្យានឱសថដំបូងគេនៅវៀតណាម។ លោកបានបន្តថា ឧទ្យាននេះនឹងក្លាយជាមេដែកសម្រាប់ក្រុមហ៊ុន និងអ្នកផលិតឱសថឥណ្ឌា ដោយសារវាផ្តល់នូវលក្ខខ័ណ្ឌនៃការជួលដីដ៏ល្អ ទីតាំងដីត្រូវបានរៀបចំរួចរាល់​ និងការអនុគ្រោះពន្ធ លើប្រាក់ចំណូលនិងគោលនយោបាយពន្ធនាំចូល រួមទាំងការលើកលែងការជួលដីសម្រាប់រយៈពេលបីឆ្នាំដំបូងនៃប្រតិបត្តិការ។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នទីក្រុងដាណាង បានទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ៩០៥ គម្រោងដែលមានទឹកប្រាក់ចំនួន ៣.៨៥ ពាន់លានដុល្លារអាមេរិក ដោយឧទ្យានបច្ចេកវិទ្យាខ្ពស់ គឺជាទិសដៅសម្រាប់គម្រោង ២៤ ក្នុងចំណោមគម្រោងទាំងនោះដែលមានទឹកប្រាក់សរុប ៨១៥ លានដុល្លារ៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus