ព្យាយាមគង់បានសម្រេច! កសិករខេត្តសៀមរាប ជោគជ័យលើការដាំសាលាដ៏អឺរ៉ុបក្នុងផ្ទះសំណាញ់ ខណៈពេលដាំដំបូងប្រពន្ធថា ដាំឱ្យអ្នកណាហូប មុខជាលក់មិនដាច់ទេ
អាជីវកម្ម July 30, 2021 Khmernote

កសិករដាំបន្លែសុវត្ថិភាពមួយរូបរស់នៅក្នុងខេត្តសៀមរាប បានជ្រើសរើសការដាំដុះដំណាំសាលាដ៏អឺរ៉ុប ក្នុងរោងសំណាញ់ ព្រោះងាយ ស្រួលថែទាំ ទទួលបានទិន្នផលខ្ពស់ ចៀសពីជំងឺ និងអាចដាំបានគ្រប់អាកាសធាតុ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ។

លោក ត្រឹប ព្រែក អាយុ ៤៤ឆ្នាំ ជាកសិករដាំបន្លែសុវត្ថិភាព រស់នៅភូមិគោកដូង សង្កាត់ក្របីរៀល ក្រុងសៀមរាប បាន ឱ្យដឹងថា លោកចាប់ផ្តើមមុខ របរដាំបន្លែលក់រយៈពេលប្រមាណ២០ឆ្នាំមកហើយ ដោយមានដាំបន្លែស្លឹកជា ច្រើនប្រភេទតាមតម្រូវការទីផ្សារ។ ជាក់ស្តែងបច្ចុប្បន្នលោកកំពុងដាំនិងប្រមូលផលដំណំាសាលាដ៏អឺរុប ដែលទទួលការពេញនិយមទទួលទានពីអតិថិជន។

លោកបន្តថា លោកបានជ្រើសរើសការដាំសាលាដ៏ ក្នុងរោងសំណាញ់ ដោយសារងាយស្រួលថែទាំ ទទួលបានទិន្នផលខ្ពស់ និងអាចដាំបានគ្រប់រដូវកាល ទាំងរដូវប្រាំង និងរដូវវស្សា។

លោកបន្តទៀតថា ដំណាំសាលាដ៏អ៊ឺរ៉ុបដែលបានដំានេះមានទំហំផ្ទៃដីប្រមាណជាង ៣០០០ម៉ែត្រក្រឡា អាចប្រមូលផលបានជាង១០០០ គីឡូក្រាម និងអាចលក់ចេញបានតម្លៃ ៨០០០រៀលក្នុងមួយគីឡូក្រាម ខណៈការដំាត្រូវស្វែងយល់ពីបច្ចេកទេសមួយចំនួនដើម្បីទទួលទិន្នផលខ្ពស់ ដូចជា៖ការប្រើប្រាស់ជីទ្រាប់បាត និងជីបំប៉ន របៀបដាំដុះ និងការថែទាំជាដើម។

លោកបន្ថែមថា៖ «ដាំសាលាដ៏អឺរ៉ុប ដាំខែនេះពិបាកដាំបន្តិច តែបើក្នុងរោងមិនអីទេ បើក្នុងរោងមិនសូវជួបបញ្ហារឿងភ្លៀង រឿងក្តៅទេ ឥឡូវភូមិខ្ញុំចេះដាំគ្រប់គ្នាហើយ ដំបូងខ្ញុំដាំមុនគេ ហើយប្រពន្ធខ្ញុំថាដាំនេះលក់ឯណាដាច់ មានអ្នកណាហូប ដល់ដាំបានកើត គេឃើញសួរថាសាលាដ៏អ្វីខ្ញុំប្រាប់ថាសាលាដ៏អឺរ៉ុប ដល់ហូបទៅឆ្ងាញ់ម្នាក់ៗមកតាមរកសាលាដ៍ ក៏ដាំជាប់ដល់សព្វថ្ងៃ ខ្ញុំដាំ៣ឆ្នាំហើយ មុននិងដាំយើងយកជីធម្មជាតិក៏បានសរីរាង្គក៏បានទ្រាប់បាត យើងបាចតាមរោង ទ្រាប់បាតរួចវីដី យកកូនសាលាដ៏ ដកមកស្ទូងពីលើតែម្តង ធ្វើរងឱ្យស្មើ ដាំបានមួយអាទិត្យមានលាមកសត្វ ដាក់ពីលើថែមទៀត ប្រហែលពីរអាទិត្យដាក់ជីបំប៉នបន្ថែមឱ្យល្អ គិតពីដាំទៅប្រហែល១ខែកន្លះបានប្រមូលផល ខែនេះពិបាកដាំបានផលទាបដែរប្រមូលម្តងបានប្រហែល១០០០ គីឡូក្រាម មួយគីឡូតម្លៃ ៨០០០រៀល។

សូមជម្រាបថា សាលាដ៏ជាបន្លែស្លឹក ដែលមិនរើសរដូវនៃការដាំដុះទេ ហើយជារុក្ខជាតិនេះសម្បូរដោយកាល់ស្យូម ដែក វីតាមីនសេ វីតាមីនអា ជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន