ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក ប្រកាសពីប្រាក់ចំណេញកប់ក្ដោងប្រចាំត្រីមាសចុងក្រោយនេះ
អាជីវកម្ម July 28, 2021 Khmernote

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក បានបង្ហាញប្រាក់ចំណូលដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់ត្រីមាសចុងក្រោយនេះ ខណៈដែលប្រទេសនេះបន្តការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩។ ជាក់ស្ដែង ក្រុមហ៊ុន Apple ដែលជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក បានបង្ហាញពីការកើនឡើងនូវប្រាក់ចំណេញសុទ្ធដល់ទៅ ៩៣% ដល់ជាង ២១.៧ ពាន់លានដុល្លារ ក្នុងរយៈពេលពីខែមេសាដល់ខែមិថុនា។ ការកើនឡើងនេះ គឺដោយសារប្រជាប្រិយភាពរបស់ម៉ូដែល iPhone ថ្មីដែលបំពាក់ 5G ហើយនោះគឺជាប្រាក់ចំណេញខ្ពស់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន Apple សម្រាប់ត្រីមាសនេះ។

ក្រៅពីក្រុមហ៊ុន Apple ក្រុមហ៊ុនមេរបស់ Google គឺ Alphabet ក៏បានបង្ហាញពីការកើនឡើងជិត ៣ ដងនៃប្រាក់ចំណូលសុទ្ធដែលឈានដល់ ១៨.៥ ពាន់លានដុល្លារ។ Alphabet បានឃើញការត្រឡប់មកវិញនៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មតាមអ៉ីនធឺណេត ខណៈដែលសេដ្ឋកិច្ចក្នុងស្រុក និងបរទេសចាប់ផ្តើមរីកដុះដាលឡើងវិញ។

ទន្ទឹមនឹងនេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន Microsoft ក៏បានកើនឡើងជិត ៤៧% ស្មើនឹងជិត ១៦.៥ ពាន់លានដុល្លារផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់អាមេរិកទាំងនេះ ដំណើរការល្អនៅអាមេរិក ក្នុងវិបត្តិជំងឺរាតត្បាតកូវីដ-១៩ ដោយសារការកើនឡើងនៃការងារ និងការសិក្សាពីផ្ទះ។ ប៉ុន្តែក្រុមហ៊ុនក៏កំពុងប្រឈមនឹងការរិះគន់ពីការប្រើអំណាចរបស់ពួកគេដើម្បីរារាំងការប្រកួតប្រជែងផងដែរ៕

អត្ថបទ៖ លីនី
ប្រភព៖ nhk