មានដីទំនេរកុំទុកចោល កសិករខេត្តបាត់ដំបង ណែនាំឱ្យដាំត្រសក់ទ្រើង ប្រើពេលតែ ៣០ថ្ងៃទទួលបានផល ផ្ដល់ចំណូលបន្ថែមក្រៅពីការធ្វើស្រែ
អាជីវកម្ម July 28, 2021 Khmernote

លោក ហួម សារ៉ូម ជាកសិករ រស់នៅភូមិបាក់រទេះ ឃុំ ព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបងបានប្រាប់ឱ្យដឹងថា ការដាំបន្លែត្រសក់ទ្រើង ជាមុខរបរបន្ថែមក្រៅពីធ្វើស្រែរបស់គ្រួសារលោក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោករៀបរាប់ថា ការដាំត្រសក់នេះ ដំបូងត្រូវរៀបចំភ្ជួរដី និងហាលដីឱ្យស្ងួត មានកម្តៅគ្រប់គ្រាន់ ហើយយើងរៀបចំលើករង ដាក់សំពត់ភ្លៀង ដាក់ដំណក់ទឹក ។ បន្ទាប់មកទៀតត្រូវ ដាក់គ្រាប់ត្រសក់ដាំ ដោយប្រើជីលាមកគោ និង ប្រើទុយោដំណក់ទឹក រយៈពេល ៤ថ្ងៃ គឺត្រសក់ចាប់ ផ្តើមដុះ។

កសិកររូបនេះបន្តថា ពេលត្រសក់ដុះ យើងត្រូវថែរក្សាការពារពីពពួកសត្វល្អិត ដោយប្រើថ្នាំគីមីបាញ់ ហើយត្រសក់បានពីរសប្តាហ៍ ត្រូវរៀបចំដាក់ទ្រើង ។ លោកថា ចាប់តាំងពីដាំរហូតដល់ប្រមូលផល ប្រើរយៈពេល ជាង៣០ថ្ងៃ ។

លោក សារ៉ូម ថា ការងារដាំត្រសក់នេះ មិនសូវជាចំណេ ញច្រើននោះទេ ដោយត្រូវទូទាត់ថ្លៃដើម ពិសេសថ្នាំ ជីផ្សេងៗ ។ រីឯតម្លៃវិញបានប្រហែលជា ១២០០រៀល ទៅ ១៥០០រៀល ក្នុងមួយគីឡូក្រាម តែទីផ្សារប្រែប្រួលមិនទៀងនោះឡើយ ម្តងថ្លៃ ហើយពេលខ្លះធ្លាក់ដល់ទាបខ្លាំង រហូត ដល់ ២០០ ឬ ៣០០ រៀល ក៏មាន ។

តែយ៉ាងណា លោក សារ៉ូម នៅតែបន្តដាំបន្លែផ្សេងៗ ឬត្រសក់ យកលក់លើទីផ្សារ ដើម្បីបានចំណូលខ្លះ ទប់ទល់ជីវភាពគ្រួសារ ក្រៅពីធ្វើតែស្រែមួយមុខ និងជាជាងទុកដីទំនេរចោល ៕

ប្រភព៖ ក្រសួងព័ត៌មាន