មើមខ្ជាយ កំពុងជួយឱ្យកសិករថៃ​រកចំណូលបានច្រើន ដោយសារបច្ចុប្បន្នតម្រូវការដំណាំនេះកើនឡើង បន្ទាប់ពីត្រូវបានយកទៅចម្រាញ់ជាឱសថព្យាបាលជំងឺកូវីដ១៩
អាជីវកម្ម July 26, 2021 Khmernote

ខណៈពេលដែលការប្រើប្រាស់រុក្ខជាតិដើម្បីចម្រាញ់ធ្វើជាឱសថព្យាបាលជំងឺកូវីដ-១៩ ទទួលបានប្រជាប្រិយភាព តម្រូវការមើមខ្ជាយ ឬ ត្រូវបានប្រជាជនថៃហៅថា krachai khao កំពុងកើនឡើងខ្លាំង ធ្វើឱ្យអ្នកដាំដំណាំមួយនេះអាចរកចំណូលបានយ៉ាងច្រើនក្នុងសម័យជំងឺរាតត្បាតកូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post​ បានឱ្យដឹងថា ការលក់មើមខ្ជាយ មានការកើនឡើងបន្ទាប់ពីរុក្ខជាតិបៃតងមួយប្រភេទដែលមានឈ្មោះថា fah talai jone ដែលត្រូវបានយកទៅប្រើប្រាស់ក្នុងឱសថបុរាណនាពេលកន្លងមក ត្រូវបានយកទៅប្រើដើម្បីព្យាបាលអាការៈជំងឺ​កូវីដ-១៩។ ជាមួយគ្នានេះ មើមខ្ជាយក៏ត្រូវបានគេចាត់ទុកថា មានប្រសិទ្ធភាពក្នុងការព្យាបាលផងដែរ។

ប្រភពដដែលបានឱ្យដឹងបន្ថែមថា នាយកដ្ឋានឱសថបុរាណនិងវេជ្ជសាស្ត្រថៃ កំពុងសហការជាមួយសាកលវិទ្យាល័យ Mahidol ដើម្បីធ្វើការសាកល្បងព្យាបាលដោយប្រើថ្នាំចំរាញ់ពីមើមខ្ជាយ ពីរប្រភេទគឺថ្នាំ Pinostrobin និង Pandulatin A ប្រឆាំងនឹងវីរុសកូវីដ-១៩។

ជាមួយគ្នានេះដែរ គ្រួសារកសិករធ្វើស្រែចំការ នៅខេត្ត Nakhon Sawan បច្ចុប្បន្ននេះអាចរកចំណូលបានដល់ទៅចន្លោះពី ៥,០០០-៧,០០០ បាតក្នុងមួយថ្ងៃ ពីការលក់មើមខ្ជាយ។ ក្រុមគ្រួសាររបស់កសិករដែលមានឈ្មោះថា Wichian Suecharoen កំពុងមមាញឹករៀបចំមើមខ្ជាយ នៅចំការរបស់ពួកគេនៅតំបន់ Ban Banlua ស្រុក Muang ដើម្បីលក់ជូនអ្នកទិញដុំ យកទៅលក់បន្តនៅទីផ្សារ។

កសិកររូបនេះបាននិយាយថា មើមខ្ជាយកំពុងផ្តល់ប្រាក់ចំនូលយ៉ាងច្រើនសំរាប់គ្រួសារគាត់ និងគ្រួសារកសិករដទៃទៀតដែលកំពុងដាំដំណានេះ។ ខណៈកាលពីមុន ពួកគេទទួលបានប្រាក់ពី ៣០-៨០ បាតក្នុងមួយគីឡូក្រាមពីការលក់ខ្ជាយ ប៉ុន្តែកាលពីសប្តាហ៍មុនតម្លៃបានកើនឡើងជាលំដាប់រហូតដល់ប្រហែល ១២០ បាតក្នុងមួយគីឡូក្រាមចាប់ពី ១០០-១៧០ បាតអាស្រ័យលើទំហំ។ ដោយឃើញឱកាសល្អ និងមត្រូវការទីផ្សារកំពុងកើនឡើងខ្លាំង លោក Wichian គ្រោងពង្រីកតំបន់ដាំដុះនៅចំការរបស់គាត់ ព្រោះការរីករាលដាល Covid-19 មិនបានបង្ហាញពីសញ្ញាធូរស្បើយនោះទេ៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost