H&M យីហោហាងលក់សម្លៀកបំពាក់ដ៏ល្បីមួយលើពិភពលោក នឹងលេចវត្តមានក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ
អាជីវកម្ម July 24, 2021 Khmernote

យោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកដែលមានឈ្មោះថា Thanawat Kowitwanitphan បានឱ្យដឹងថា យីហោហាងលក់សម្លៀកបំពាក់ដ៏ល្បីមួយនៅលើពិភពលោក H&M នឹងលេចវត្តមានក្នុងប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ។ តាមការបង្ហោះ H&M នឹងបើកហាងលក់សម្លៀកបំពាក់របស់ខ្លួននៅផ្សារទំនើប អ៉ីអន ១ ក្រុងភ្នំពេញ។

ជាមួយគ្នានេះដែរ យីហោលំដាប់អន្តរជាតិនេះ កំពុងប្រកាសជ្រើសរើសបុគ្គលិកលើតំណែងធំៗដូចជា៖ Store Manager, Ass.Store Manager ,Department Managers, Visual Merchandise Manager និង Senior Case Office Responsible។ សម្រាប់អ្នកដែលចាប់អារម្មណ៍អាចធ្វើការដាក់ពាក្យទៅកាន់អ៊ីម៉ែល recruitment@hthai.co.th ដោយបញ្ជាក់ពីថា «Apply H&M Cambodia– Position» ឱ្យលឿនតាមដែលអាចធ្វើបាន។

គួរបញ្ជាក់ផងដែរថា H&M ជាយីហោលក់សម្លៀកបំពាក់ទាន់សម័យសម្រាប់បុរស ស្ត្រី ក្មេងជំទង់ និងកុមាររបស់ប្រទេស ស៊ុយអ៊ែត។ ក្រុមហ៊ុនយក្សមួយនេះប្រតិបត្តិការនៅក្នុង ៧៤​ប្រទេស ដែលមានហាងច្រើនជាង ៥០០០ ក្រោមយីហោក្រុមហ៊ុនផ្សេងៗ។ ជាមួយគ្នានេះ H&M ជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ធំជាងគេលំដាប់ទី ២ នៅពីក្រោយក្រុមហ៊ុន Inditex ដែលមានមូលដ្ឋាននៅប្រទេសអេស្ប៉ាញ៕

អត្ថបទ៖ លីនី