ឡូយណាស់! កសិករខ្មែរក្នុងខេត្តមួយនេះ ដាំស្លឹកគ្រៃប្រេងសម្រាប់នាំចេញទៅចិន និងបារាំង ប្រើពូជតែ ១តោន ប្រមូលផលបានពី ៨០ ទៅ១២០ តោនក្នុង ១ឆ្នាំ
អាជីវកម្ម July 23, 2021 Khmernote

កសិករស្រុកឈូក ខេត្តកំពតដាំស្លឹកគ្រៃប្រេងសម្រាប់នាំចេញទៅកាន់ប្រទេសចិននិងបារាំង ខណៈដំណាំប្រភេទនេះងាយស្រួលដាំ និងឆាប់ប្រមូលផលបានលឿន ហើយមានតម្រូវការទីផ្សារនាំចេញខ្លំាង នេះដោយយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ លោក អ៊ុ រត្នខេមរា សហការីកសិដ្ឋាន ខេស៊ី ស្ថិតក្នុងភូមិដុំផ្ដៅ ឃុំត្រពាំងភ្លាំងស្រុកឈូក ខេត្តកំពតបានប្រាប់វិទ្យុជាតិកម្ពុជាថា ដំណាំស្លឹកគ្រៃប្រេងនេះ ជាប្រភេទដំណាំកសិឧស្សាហកម្មបែបទំនើប នាំយកពូជមកពីប្រទេសម៉ាឡេស៊ី និងសម្រាប់ដាំនាំចេញទៅកាន់ប្រទេសចិន និងបារាំងផងដែរ ។

លោកបន្ថែមថា គល់ស្លឹកគ្រៃប្រេងនេះ មានអត្ថប្រយោជន៍ជាច្រើនដោយយើងអាច យកមកចម្រាញ់ជាប្រេងដើម្បីធ្វើជាឱសថ ទឹកអប់ សាប៊ូកក់សក់ និងគ្រឿងទេសជាច្រើនប្រភេទទៀត។

លោកបញ្ជាក់ថា ដំណាំដែលប្រជាសហគមន៍នាំចូលមកដាំ គឺមានទីផ្សារនៅក្រៅប្រទេស បើសិនជាយើងបានដាំស្រប តាមស្តង់ដារ កសិកម្ម4.0 និងកែច្នៃស្តង់ដារឧស្សាហកម្ម 4.0 ជាប្រភេទ កសិឩស្សាហកម្ម កែឆ្នៃនាំចេញសហគមន៍ធ្វើឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្លូវមួយខ្សែក្រវាត់មួយ ឬ ហៅថា គោលនយោបាយ កាលានុវត្តភាព របស់គម្រោង FTA163។

“ ប្រជាកសិករទាំងអស់នៅក្នុងប្រទេសកម្ពុជាសូមនាំគ្នាផ្លាស់ប្ដូរផ្នត់គំនិត ដាំដំណាំតាមបែបគ្រួសារ មកដាំតាមបែបសហគមន៍វិញ ទើបអាចមានទីផ្សារនាំចេញទៅក្រៅប្រទេសបាន ហើយធ្វើឲ្យជីវភាពគាត់បានប្រសើរ ។ បច្ចុប្បន្នគាត់ដាំតាមរយៈគ្រួសារតាមរយៈដូនតា តាមតៗគ្នាឃើញគេដាំដដែលៗ ប៉ុន្តែជាក់ស្ដែងគាត់អត់ដឹងទីផ្សារនៅទីណាទេ ប្រសិនបើគាត់ដាំតាមបែបសហគមន៍ ដែលសហគមន៍មានទីផ្សារគួរតែផ្លាស់ប្តូរមកដាំតាមសហគមន៍វិញ ទើបគាត់មានភាពរីកចម្រើន”។

សូមបញ្ជាក់ថាដំណាំស្លឹកគ្រៃប្រេងនេះ បើដាំលើផ្ទៃដី១ហិកតា គេត្រូវប្រើពូជប្រមាណ ១តោន ដោយអាចប្រមូលផលវិញ បានក្នុងមួយឆ្នាំចាប់ពី៨០ទៅ១២០តោន។ សម្រាប់គល់ស្លឹកគ្រៃប្រេង Yava របស់ប្រទេសម៉ាឡេស៊ីនេះ សហគមន៍លក់ចេញ ជាពីរផ្នែក សម្រាប់ស្លឹកវាចំនួន ១តោនមានតម្លៃ ៥០ដុល្លារ ហើយបើចម្រាញ់ជាប្រេងរួចគឺលក់បានចំនួន ៨ដុល្លារសហរដ្ឋអាមេរិកក្នុងមួយលីត្រ៕

ប្រភព៖ ក្រសួងព័ត៌មាន