ក្រុមហ៊ុនលំដាប់ពិភពលោក Nike អាចនឹងមានបញ្ហា ខណៈក្រុមហ៊ុនផ្គត់ផ្គង់ធំៗចំនួន ២ ផ្អាករោងចក្រផលិតនៅវៀតណាមដោយសារការផ្ទុះជំងឺកូវីដ១៩
អាជីវកម្ម July 17, 2021 Khmernote

ក្រុមហ៊ុន Changshin នៅវៀតណាម ដែលជាក្រុមហ៊ុនផលិតស្បែករបស់កូរ៉េខាងត្បូង និងជាអ្នកផ្គត់ផ្គង់ធំលំដាប់ទី២ ឱ្យយីហោប្រេន Nike បានផ្អាកផលិតកម្មរបស់ខ្លួននៅប្រទេសវៀតណាម ដោយបិទរោងចក្រចំនួន ៣ ដោយសារតែការផ្ទុះឡើងនៃវីរុសកូវីដ-១៩។ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា រោងចក្រនៅក្នុងខេត្ត Dong Nai ដែលមានកម្មករជិត ៤២,០០០ នាក់ នឹងនៅតែបន្តបិទទ្វាររហូតដល់ថ្ងៃទី ២០ ខែកក្កដា ដោយបន្ថែមករណីឆ្លងចំនួន ១៧៧ ករណីដែលត្រូវបានរកឃើញនៅក្នុងខេត្តគឺមកពីរោងចក្រ។

ជាមួយគ្នានេះដែរ កាលពីថ្ងៃពុធ កន្លងទៅនេះ ក្រុមហ៊ុនតៃវ៉ាន់ Pou Chen Corp ដែលផលិតស្បែកជើងឱ្យក្រុមហ៊ុន Nike និង Adidas បានផ្អាកប្រតិបត្តិការនៅរោងចក្ររបស់ខ្លួននៅទីក្រុងហូជីមិញ ដើម្បីគិតគូរដល់សុខភាព និងសុវត្ថិភាពកម្មករ។ គួរឱ្យដឹងថា ស្ទើរតែគ្រប់ស្បែកជើងរបស់ក្រុមហ៊ុន Nike គឺផលិតនៅក្រៅសហរដ្ឋអាមេរិក ក្នុងនោះក្រុមហ៊ុនបាននិយាយថា រោងចក្រជាប់កិច្ចសន្យានៅប្រទេសវៀតណាមផលិតបានប្រហែល ៥០% នៃស្បែកជើងម៉ាក Nike សរុបក្នុងឆ្នាំសារពើពន្ធ ២០២០ ប៉ុន្តែមិនបានបញ្ជាក់ពីបរិមាណដែលបានមកពី ក្រុមហ៊ុន Changshin ឬ ក្រុមហ៊ុនតៃវ៉ាន់ Pou Chen Corp ទេ។

ការលេចចេញជាថ្មីនៃវីរុសកូវីដ អាចជាបញ្ហាថ្មីមួយសម្រាប់ខ្សែសង្វាក់សម្លៀកបំពាក់កីឡាធំបំផុតរបស់ពិភពលោកនៅឆ្នាំ ២០២១ បន្ទាប់ពីកង្វះកុងតឺន័រ និងការកកស្ទះនៅកំពង់ផែសហរដ្ឋអាមេរិក។ អ្នកវិភាគរបស់ក្រុមស្រាវជ្រាវទីផ្សារចិនលោក Shaun Rein បានមានប្រសាសន៍ថា“ ការបិទរោងចក្រអស់រយៈពេលមួយ ឬពីរសប្តាហ៍ សម្រាប់ក្រុមហ៊ុន Nike នឹងបង្កបញ្ហាធំសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួន” ។

ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុន Nike មិនបានឆ្លើយតបទៅនឹងការស្នើសុំរបស់រ៉យទ័រដើម្បីសុំការអត្ថាធិប្បាយ ខណៈដែលការហៅទូរស័ព្ទទៅកាន់ក្រុមហ៊ុន Changshin ក៏មិនបានឆ្លើយតប៕

អត្ថបទ៖ លីនី
ប្រភព៖ vnexpress