កម្ពុជាបង្កើនផលិតកម្មដំណាំមន និងចិញ្ចឹមដង្កូវនាងសម្រាប់ផលិតសូត្រ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារដែលកំពុងកើនឡើង និងកាត់បន្ថយការនាំចូល
អាជីវកម្ម July 17, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងជំរុញការដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង ដើម្បីបង្កើនផលិតភាព កាត់បន្ថយការនាំចូល ផ្តល់ឱកាសការ ងារដល់កសិករ និងលើក កម្ពស់ផលិតផលសូត្រខ្មែរ។

លោកយិន ច័ន្ទសុធី អនុ ប្រធាននាយកដ្ឋានដំណាំឧស្សាហកម្មនៃអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា បច្ចុប្បន្ននេះការដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង មានតែនៅតាមបណ្តាខេត្តមួយចំនួនតែប៉ុណ្ណោះ រួមមានខេត្តបន្ទាយមានជ័យ សៀមរាប តាកែវ និងខេត្ត កណ្តាល ក្រៅពីនោះបានបាត់បង់ស្ទើរទាំងស្រុង។

លោកបន្តថា ដោយសារកំណើននៃតម្រូវការប្រើប្រាស់សរសៃសូត្រកាន់តែច្រើន អត្រាផលិតមានកាន់តែតិច តម្រូវឱ្យមានការនាំចូលសរសៃសូត្រពីក្រៅប្រទេសមកត្បាញដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ។

លោកបន្តថា ដើម្បីចូលរួមចំណែកអភិវឌ្ឍ និងអភិរក្សប្រពៃណីវប្បធម៌ដ៏មានតម្លៃដែលជាមរតករបស់ដូនតាបន្សល់ទុក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានខិតខំធ្វើការផ្សព្វផ្សាយ និងបណ្តុះបណ្តាលកសិករអំពីបច្ចេកទេសដាំដុះដំណាំមន និងការចិញ្ចឹមដង្កូវនាង ព្រម ទាំងបានផ្តល់ពូជមន និងពូជដង្កូវនាងដែលជាពូជក្នុងស្រុក ដល់កសិករ និងសិប្បករដើម្បីយកទៅដាំ និងចិញ្ចឹមនៅតាមបណ្តាខេត្តគោលដៅ និងខេត្តមួយចំនួនទៀត ដើម្បីបង្កើនផលិតកម្ម។លោកបន្ថែមថា ទោះជាយ៉ាងនេះក្តី ការបណ្តុះ បណ្តាល និងការគាំទ្រដល់កសិករនៅពុំទាន់អាចឆ្លើយ តបបានទាំងស្រុង តាមតម្រូវ ការជាក់ស្តែងនៅឡើយ ដោយសារកត្តាចំណេះដឹងនិងជំនាញ របស់មន្រ្តីបច្ចេកទេសទាំងថ្នាក់ជាតិ និងថ្នាក់ខេត្តទាក់ទងនឹងខ្សែច្រវាក់ផលិត កម្មសរសៃសូត្រនៅមាន កម្រិត ។

ការដាំដុះដំណាំមននិងការចិញ្ចឹមដង្កូវនាងមានទីមួយនៅខេត្តបន្ទាយមាន ជ័យ សៀមរាប តាកែវ និងខេត្តកណ្តាល អ៊ីចឹងមានបួនខេត្តហ្នឹងចម្បង ក្រៅពីហ្នឹងបន្តិចបន្តួចទេ សព្វថ្ងៃបើនិយាយពីការដាំដុះនិងការចិញ្ចឹមនៅមានបន្តិចបន្តួច ហើយតម្រូវការសូត្រនៅយើងមានការប្រើប្រាស់ច្រើន ភាគ ច្រើននាំចូលពីក្រៅប្រទេសមានចិន និងវៀតណាម ទើបយើងយកមកត្បាញតាមរចនា បថខ្មែរ ជាទូទៅនាយកដ្ឋានកសិកម្ម ធ្លាប់បានផ្តល់ដើមមនដល់កសិករ និងពូជដង្កូវនាង ដល់តាមខេត្តគោលដៅ ដើម្បីជំរុញការដំាដុះដំណាំមន និងងាកមកចិញ្ចឹមដង្កូវនាងឡើងវិញ ដើម្បីផលិតសូត្រផ្គត់ផ្គង់ ទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីក្រៅ ដើម្បីបង្កើតការងារ បង្កើនចំណូល កាល ណាផលិតក្នុងស្រុកគុណភាពល្អ នាំចូលមានលេខមួយ លេខពីរ ធ្វើដោយម៉ាស៊ីន បើក្នុងស្រុកផលិតដោយដៃ”។

យោងតាមឯកសារស្រាវជ្រាវរបស់អគ្គនាយកដ្ឋានកសិកម្ម ប្រទេសកម្ពុជា បានដាំដំណាំមន និងចិញ្ចឹមដង្កូវនាងចាប់ តាំងពីសតវត្សទី១៣។ ប៉ុន្តែផលិតកម្មសូត្រខ្មែរ ត្រូវបានបោះបង់ចោលស្ទើរតែទាំង ស្រុង ទើបតែនៅទសវត្សរ៍ឆ្នាំ១៩៩០ រហូតមកទល់បច្ចុប្បន្ន ផលិតកម្មនេះបានចាប់ផ្តើមដំណើរការឡើងវិញ ប៉ុន្តែហាក់ដូចជាមិនទាន់បានឆ្លើយតបតាមតម្រូវការប្រើ ប្រាស់ក្នុងស្រុកនៅឡើយ។ ក្នុងន័យនេះ ក្រសួងកសិកម្មបានសហការជាមួយមជ្ឈ មណ្ឌលកសិកម្មអន្តរជាតិកូរ៉េហៅកាត់ថា KOPIA អនុវត្តគម្រោងមួយឈ្មោះថា “ការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសរសៃសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4”។ គោលបំណងគឺ ធ្វើឱ្យប្រសើរឡើងនូវផលិតកម្មសូត្រតាម រយៈការផ្សព្វផ្សាយពូជដង្កូវ នាងកូនកាត់ CK1-7-4 អភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ គម្រោងនេះមានរយៈពេល ៣ឆ្នាំចាប់ពីឆ្នាំ២០២០ ដល់ ២០២២។ដោយមានសកម្ម ភាពសំខាន់ៗជាច្រើនរួមមាន៖ ការបង្កាត់ពូជថ្មី និងថែទាំពូជមេបា ការធ្វើឱ្យប្រសើរឡើងនូវការផលិតពងដង្កូវនាង និងការចិញ្ចឹមក្នុងលក្ខខណ្ឌប្រទេសកម្ពុជា ការចិញ្ចឹមដង្កូវនាងបង្ហាញ និងទិវាចម្ការតាមខេត្តគោលដៅ និង ការពង្រឹងសមត្ថភាពមន្ត្រីបច្ចេកទេស កសិករ និងសិប្បករអំពីបច្ចេកទេសដាំដំណាំមន និងចិញ្ចឹមដង្កូវនាង៕

ប្រភព៖ ក្រសួងព័ត៌មាន