ស្ដ្រីខ្មែរ ១រូប សម្រេចឈប់នាំចូលសម្ភារប្លាស្ទីកប្រើប្រាស់ក្នុងផ្ទះមកលក់ ចាយទុនបង្កើតសិប្បកម្មផលិតខ្លួនឯង រហូតទទួលបានជោគជ័យផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក
អាជីវកម្ម July 15, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សិប្បកម្មបុប្ផានៅខេត្តព្រៃវែង ទទួលបានជោគជ័យ លើការផលិតសម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក ។ លោកស្រី ជា បុប្ផា ម្ចាស់សិប្បកម្មខ្មែរមួយរូប ដែលបានផលិត សម្ភារប្លាស្ទីក សម្រាប់ប្រើប្រាស់ក្នុងផ្ទះ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកស្រីបានចាប់យករបរនេះ អស់រយៈពេលជាង៣ឆ្នាំមកហើយ ដោយផលិតបានជាង៨៥ មុខ ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងខេត្តផង និង នាំចេញទៅតាមរាជធានី ខេត្តផ្សេងៗផងដែរ ។ លោកស្រីបានបន្តថា ផលិតផលប្លាស្ទីកទាំងនេះ គឺប្រើប្រាស់វត្ថុធាតុដើមខ្លះពីប្រទេសក្រៅ រីឯខ្លះទៀតទិញ នៅក្នុងស្រុក និងគ្រឿងចក្រនាំចូលពីប្រទេសជប៉ុន ។ លោក ស្រីបានបញ្ជាក់ថា ដោយសារមានការគាំទ្រច្រើនពីអតិថិជនទើបធ្វើឲ្យលោកស្រីសម្រេចចិត្ត បង្កើតសិប្បកម្មផលិតសម្ភារប្រើប្រាស់ក្នុងផ្ទះដោយខ្លួនឯងផ្ទាល់ ដោយយកគុណភាពជាចម្បង ។

«សម្រាប់ខ្ញុំផលិតដោយសារពីដំបូង ខ្ញុំជាអ្នកទិញលក់សម្ភារទាំងអស់ហ្នឹង ដល់ពេលខ្ញុំលក់ទៅវាមានការគាំទ្រខ្លាំង ខ្ញុំលក់បានច្រើន ដល់អ៊ីចឹងខ្ញុំក៏មានគំនិតថាបើខ្ញុំផលិតខ្លួនឯងប្រហែលមានតម្លៃធូរជាងដែលខ្ញុំនាំចូលមកពីក្រៅប្រទេសមក ខ្ញុំក៏ចាប់ផ្ដើមទិញម៉ាស៊ីន២គ្រឿងមកផលិតសាក ដោយសារផលិតទៅជោគជ័យនិងមានអតិថិជនច្រើនគាំទ្រ ដោយសារការដែលយើងផលិតគឺសង្កត់ធ្ងន់លើគុណភាព ឃើញសន្ទុះការគាំទ្រខ្លាំងក៏កុម្មង់ម៉ាស៊ីនមកផលិតបន្ថែមទៀត»។

លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយគាំទ្រផលិតផលក្នុងស្រុក ដែលជារបស់ខ្មែរធ្វើ ដែលកូនខ្មែរយើងផលិតបាន មានតម្លៃធូរថ្លៃជាងផលិតផលនាំចូល ហើយមានគុណភាពខ្ពស់ មិនចាញ់ផលិតផលនាំចូលឡើយ។

សូមបញ្ជាក់ថា សិប្បកម្មបុប្ផា(៩៩៩៩) បានបង្កើតឡើងតាំងពីឆ្នាំ២០១៨ ស្ថិតនៅឃុំខ្សាយ ស្រុកពាមរ ខេត្តព្រៃវែងដែលមានផលិតសម្ភារប្លាស្ទីកប្រើប្រាស់ក្នុងផ្ទះ រួមមាន ៖ កញ្ច្រែងជ័រ ការទឹក កំប៉ុងដាក់ស្លាបព្រា ចានបាយ ចានសម្លចានចង្កឹះ ស្លាបព្រា ចង្កឹះ ការធុន កែវទឹកជ័រ កន្ថោរ បំពង់ទឹកក្ដៅ កំប៉ុងដាក់ទឹក កន្រ្តកជ័រ និងសម្ភារប្រើប្រាស់ជាច្រើន ទៀត៕

ប្រភព៖ ក្រសួងព័ត៌មាន