អ្នកផលិតមឈូសនៅឥណ្ឌូនេស៊ី កំពុងមមាញឹកខ្លាំងដោយសារតម្រូវការមឈូសកើនឡើង​ទ្វេដង ខណៈករណីឆ្លង​កូវីដ-១៩​ កាន់តែច្រើនទៅៗ
អាជីវកម្ម July 7, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ reuters កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមអ្នកផលិតមឈូសមួយកន្លែង នៅក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងមមាញឹកយ៉ាងខ្លាំងដោយសារតែតម្រូវការមឈូសមានការកើនឡើង​ទ្វេដង ស្របពេលដែលករណីឆ្លង​វីរុសកូវីដ-១៩​ ក្នុងប្រទេសនេះ នៅតែបន្តកើនឡើង។

លោក Olaskar Purba ដែលមានអាយុ ៦២ឆ្នាំ បាននិយាយថា៖ « មុនពេលដែលវីរុសកូវីដឆ្លងរាលដាលខ្លាំង ពួកយើងធ្វើមឈូសបានតែ ១០ ប៉ុណ្ណោះក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះការបញ្ជាទិញមានការកើនឡើង ដូច្នេះយើងត្រូវផលិតឱ្យបាន ៣០ក្នុងមួយថ្ងៃ ដែលចំនួននេះបានកើនឡើងទ្វេដង»។

គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូនេស៊ីកំពុងតស៊ូប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃវីរុសកូវីដ-១៩ ដ៏អាក្រក់បំផុតមួយនៅក្នុងតំបន់អាស៊ីដែលបណ្តាលមកពីការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុសបំលែងថ្មីហៅថា Delta ដែលត្រូវបានរកឃើញដំបូងគេនៅក្នុងប្រទេសឥណ្ឌា។ ជាមួយគ្នានេះដែរ កាលពីថ្ងៃច័ន្ទ អាជ្ញាធរឥណ្ឌូនេស៊ីបានរាយការណ៍ពីការស្លាប់ថ្មីចំនួន ៥៥៨ នាក់ដែលជាថ្ងៃទី ២ និងការឆ្លងថ្មីចំនួន ២៩,៧៤៥ នាក់ដែលជាថ្ងៃទី ១០ នៃករណីខ្ពស់បំផុតក្នុងរយៈពេល ១៥ ថ្ងៃចុងក្រោយនេះ៕

អត្ថបទ៖ លីនី
ប្រភព៖ reuters