កសិករដាំស្វាយនៅខេត្តមួយនេះសំណាងណាស់ ខណៈមន្ទីរកសិកម្មខេត្តកំពុងផ្សារភ្ជាប់ដំណាំស្វាយកែវរមៀតរបស់កសិករ ឱ្យក្លាយជាដំណាំកសិកម្មល្អ (GAP) ដើម្បីត្រៀមនាំចេញទៅក្រៅប្រទេស
អាជីវកម្ម July 3, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្ទីរកសិកម្មខេត្តឧត្តរមានជ័យកំពុងផ្សារភ្ជាប់ដំណាំស្វាយកែវរមៀត របស់កសិករឱ្យក្លាយដំណាំកសិកម្មល្អ (GAP) ដើម្បីត្រៀមនាំចេញទៅក្រៅប្រទេស ដែលជាការជួយដោះស្រាយបញ្ហាទីផ្សាររបស់ កសិករ កុំឱ្យសល់ជន់ជោរចោល ឬគ្មានអ្នកទិញ។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដំណាំស្វាយកែវរមៀតគឺជាដំណាំកសិ-ឧស្សាហកម្ម មួយក្នុងចំណោមដំណាំកសិ-ឧស្សាហកម្មផ្សេងទៀតដែលមានសក្តានុពលនៅក្នុងខេត្ត សម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសប្រទេសចិន និងកូរ៉េ ជាលក្ខណៈស្រស់ និងក្រៀម។

លោកសូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ដើម្បីជំរុញឱ្យផលិតកម្ម ដំណាំស្វាយនេះ អាចនាំចេញទៅក្រៅប្រទេសបាន មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តមានជ័យ កំពុងចុះផ្សព្វផ្សាយពី បច្ចេកទេសការអនុវត្តន៍កសិកម្មល្អ តាមរយៈការបណ្តុះបណ្តាលកសិករ ឱ្យចេះរៀបចំទីតាំងចម្ការរបស់ខ្លួនមានលក្ខណៈស្តង់ដារ និងដាំដំណាំឱ្យត្រូវតាមបច្ចេកទេស ដើម្បីឈានទៅទទួលវិញ្ញាបនបត្រទទួលស្គាល់ពីក្រសួងកសិកម្ម អាចប្រកួតប្រជែងទីផ្សារនាំចេញ ទៅក្រៅប្រទេស។

លោកបានបន្ថែមទៀតថា ដោយសារខេត្តឧត្តរមានជ័យ ជាខេត្តមួយស្ថិតនៅតំបន់ខ្ពស់រាប ដូច្នេះដំណាំស្វាយពិតជាមានលក្ខណៈ អំណោយផល ចំពោះក្រុមហ៊ុនធំៗដែលចង់មកធ្វើការវិនិយោគលើដំណាំនេះ។ “ស្វាយកែវរមៀតយើង កំពុងផ្សារភ្ជាប់កិច្ចសន្យាលក្ខខណ្ឌ កសិកម្មល្អ ដើម្បីអាចនាំចេញទៅកាន់ប្រទេសចិនបាន ឥឡូវយើងកំពុងដាក់សំណើគាំទ្រកសិករ ប្រហែល៣៥គ្រួសារ ដែលស្នើសុំបញ្ជូលឱ្យគាត់ បានន័យថាការអនុវត្តន៍កសិកម្មល្អ អ៊ីចឹងចម្ការមួយៗ មានបាកូដតែម្តង បើមានគេចង់មើលផ្លែស្វាយនោះ គេស្កែនបាកូដ គេដឹងម្ចាស់ចម្ការឈ្មោះអី យើងកំពុងរុញសំណើទៅ យើងបណ្តុះបណ្តាលរួចរាល់ហើយ នៅតែយកសំណាកទៅវិភាគ នៅពេលចេញលទ្ធផល អគ្គនាយកដ្ឋានកសិកម្មនិងចាត់មន្ត្រី ចុះមកវាយ តម្លៃចុងក្រោយនិងផ្តល់វិញ្ញាបនបត្រឱ្យ”។

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានឱ្យដឹងថា បច្ចុប្បន្ននៅទូទាំងប្រទេសមានផ្ទៃដីដាំដុះដំណាំស្វាយសរុប ចំនួន ១៣១,៨៩០ ហិកតា ផ្ទៃដីប្រមូលផលមានចំនួន ៩៣,០៩៩ហិកតា ទទួលបានទិន្នផលជាមធ្យម១៤,៨៤៩តោន ក្នុងមួយ ហិកតាក្នុង១រដូវ។ ក្នុងឆ្នាំ២០២០ ការនាំចេញផ្លែស្វាយស្រស់ទៅកាន់ទីផ្សារក្រៅប្រទេសមានចំនួន៩៥៧,៦៨០តោន ក្នុងនោះ ចំនួន១០៧,៦៨០តោន បាននាំចេញដោយមានវិញ្ញាបនបត្រភូតគាមអនាម័យ៕

ប្រភព៖ ក្រសួងព័ត៌មាន