រំភើប! AEON Group ផ្តល់ជំនួយជាថវិកាជាង ៤៥ម៉ឺនដុល្លារដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
អាជីវកម្ម July 1, 2021 Khmernote

យោងតាមហ្វេសប៊ុកផេករបស់ AEON MALL Cambodia CO.,LTD. បានឱ្យដឹងថា ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធានា “សុវត្ថិភាពនិងសន្តិសុខ” ជូនប្រជាជនគ្រប់រូប នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុនចំនួន៤ នៃអ៊ីអនគ្រុបជប៉ុន ដែលកំពុងប្រតិបត្ដិការនៅ ប្រទេសកម្ពុជា រួមមាន ①ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) ខូអិលធីឌី ②ក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ③ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ④ក្រុមហ៊ុនអ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានផ្តល់ជំនួយជាថវិកាសរុបចំនួន ៥០ លានយ៉េន (ប្រមាណ ៤៥៤,៥៤៥ ដុល្លាសហរដ្ឋអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ក្នុងនោះ ១៥ លានយ៉េន (ប្រមាណ ១៣៦,៣៦៣ ដុល្លាសហរដ្ឋអាមេរិក) ជាជំនួយថវិកាពីក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ។

ក្រុមហ៊ុនបាន​បន្តថា ដោយឈរលើគោលការណ៍មូលដ្ឋាន “ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងចូលរួមចំណែកដល់សហគមន៍មូលដ្ឋាន ដែលតែងតែស្ថិតនៅជាមួយទស្សនៈស្នូល អតិថិជនជាចម្បង” ក្រុមហ៊ុន អ៉ីអនគ្រុប នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្តារ សន្តិសុខនិងសន្តិភាព ឡើងវិញនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះកម្ពុជាមានផ្សារទំនើប AEON-Mall ចំនួន ៣សាខានៅទូទាំងប្រទេសកម្ពុជា។ សាខាទីមួយ មានឈ្មោះថា ផ្សារទំនើបអ៉ីអនភ្នំពេញ ដែលបានបើកដំណើរការក្នុងឆ្នាំ២០១៤ សាខាទី២ មានឈ្មោះថាផ្សារទំនើបអ៉ីអន Sen Sok City បើកដំណើរការក្នុងឆ្នាំ ២០១៨ និងសាខាទី៣ កំពុងតែស្ថិតនៅក្នុងការសាងសង់នៅឡើយ ប៉ុន្តែគម្រោងផ្សារទំនើបអ៉ីអនទី៣ នេះបានចាប់ផ្តើមដំណើរការសាងសង់នៅក្នុងឆ្នាំ២០២០ ហើយគ្រោងបញ្ជប់ការសាងសង នឹងបើកដំណើរការជាផ្លូវការនៅក្នុងឆ្នាំ ២០២៣៕

អត្ថបទ៖ លីនី