កុំចេះតែហ៊ាន! មន្រ្តីកសិកម្មអះអាងថា អាជីវករដែលដាក់លក់ផលិតផលថ្នាំ និងជីគីមីកសិកម្មខុសច្បាប់​នឹងទទួលរងនូវការផាកពិន័យ និងឈានដល់ការបិទអាជីវកម្ម
អាជីវកម្ម June 30, 2021 Khmernote

លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តសៀមរាប មានប្រសាសន៍ថា ចំពោះអាជីវករ ដែលបាននឹងកំពុងប្រកបរបរលក់ផលិតផលថ្នាំ និងជីគីមីកសិកម្ម ដែលគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ឬលក់ផលិតផលដែលគ្មានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ អាចប្រឈមនឹងការផាកពិន័យ និងឈានដល់ការបិទអាជីវកម្មទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។

លោក ហ៊ុន រស្មី មានប្រសាសន៍ទៀតថា ចំពោះដេប៉ូលក់ថ្នាំ និងជីគីមីកសិកម្ម ត្រូវតែមានលិខិតអនុញ្ញាតបើកអាជីវកម្មដែលទទួលស្គាល់ពីច្រកចេញចូលតែមួយ និងលក់ផលិតផលកសិកម្មណា ដែលមានស្លាកសញ្ញាព័ត៌មានជាអក្សរខ្មែរ ដែលអាចឲ្យអ្នកប្រើប្រាស់យល់ពីរបៀប នៃការប្រើប្រាស់ ឬស្គាល់ប្រភេទ នៃផលិតផលកសិកម្មនោះ បើមិនដូច្នោះទេ ម្ចាស់អាជីវកម្មនឹងត្រូវទទួលទោសចំពោះមុខច្បាប់ ។

លោក ហ៊ុន រស្មី មានប្រសាសន៍បែបនេះក្នុងកម្មវិធីសន្ទនាមតិរបស់វិទ្យុFM ជាតិនគរភ្នំ១០៣MHz និងទូរទស្សន៍ជាតិខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២១ ។

លោកប្រធានការិយាល័យនីតិកម្មកសិកម្ម មានប្រសាសន៍បន្ថែមដែរថា កន្លងមក មន្រ្តីជំនាញតែងតែធ្វើការចុះអប់រំផ្សព្វផ្សាយ និងត្រួតពិនិត្យចំពោះដេប៉ូ ដែលបាននឹងកំពុងប្រកបអាជីវកម្មនេះឲ្យចូលរួមអនុវត្តនូវវិធានការនានាទាក់ទងនិងផលិតផលកសិកម្មគ្រប់ប្រភេទ ដើម្បីជាប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ ជាពិសេសគឺការនាំចូលនូវផលិតផលកសិកម្ម ដែលស្របតាមច្បាប់អនុញ្ញាតជាដើម ។ ដូចនេះ សូមអំពាវនាវដល់ប្រជាកសិករ ដែលបានឃើញអាជីវករដែលលក់ថ្នាំ និងជីកសិកម្មខុសច្បាប់ត្រូវសហការជាមួយសមត្ថកិច្ច និងរាយការណ៍ទៅកាន់លោកផ្ទាល់ តាមរយ:លេខ ០៨៥ ៥៩៧ ៧៧៩ ដោយលោកបញ្ជាក់ថាមិនត្រូវទិញផលិតផលទាំងនោះឡើយ ព្រោះអាចជាផលិតផលក្លែងក្លាយ ឬទំនិញខុសច្បាប់៕

ប្រភព៖ ក្រសួងព័ត៌មាន