រដ្ឋមានជាងគេបំផុតនៅឥណ្ឌា បញ្ជាឱ្យផ្សារទំនើប និងរោងកុនបិទទ្វារ ដោយសារតែរឿងមួយនេះ
អាជីវកម្ម June 26, 2021 Khmernote

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឱ្យដឹងថា រដ្ឋដែលមានជាងគេបំផុតរបស់ឥណ្ឌា Maharashtra កាលពីថ្ងៃសុក្រទី ២៥ មិថុនា ម្សិលមិញនេះ បានបញ្ជាឱ្យផ្សារទំនើប និងរោងភាពយន្តបិទទ្វារ ខណៈរដ្ឋមួយនេះត្រូវរឹតបន្តឹងដើម្បីគ្រប់គ្រងវីរុសវ៉ារ្យ៉ង់ថ្មីមួយទៀត ហៅថា «Delta Plus» ដែលអាចចម្លងបានកាន់តែច្រើន ក្នុងគោលបំណងបង្កើតផែនការដើម្បីកាត់បន្ថយវិធានការចាក់សោររដ្ឋ។

ប្រភពសារព័ត៌មានដដែល​បានឱ្យដឹងបន្ថែមថា យ៉ាងហោចណាស់មាន ២០ ករណីនៅរដ្ឋ Maharashtra ត្រូវបានគេរកឃើញថាមានទំនាក់ទំនងជាមួយ វ៉ារ្យ៉ង់ថ្មី «Delta Plus» ដែលប្រទេសឥណ្ឌាបានប្រកាសវាថាជា វ៉ារ្យ៉ង់ដ៏គួរ​ឱ្យព្រួយបារម្ភ កាលពីថ្ងៃអង្គារទី២២ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ។

លោក Uddhav Thackeray នាយករដ្ឋមន្រ្តីប្រចាំរដ្ឋបានមានប្រសាសន៍ថា៖ « ប្រសិនបើពលរដ្ឋចាប់ផ្តើមធ្វើជំនួញ និងកន្លែងប្រមូលផ្តុំដោយមិនមានគោលការណ៍ណែនាំទេនោះ ការឆ្លងអាចនឹងកើនឡើង…អាជ្ញាធរមូលដ្ឋានមិនគួរបើកអាជីវកម្មភ្លាមៗទេ »។ ជាមួយគ្នានោះដែរ អ្នកវិទ្យាសាស្រ្តភ័យខ្លាចថា «Delta Plus» អាចបង្កជារលកនៃការឆ្លងផ្សេងទៀតនៅពេលដែលប្រទេសឥណ្ឌាងើបឡើងពីរលកទី ២ ។ ហើយរដ្ឋជាច្រើនរួមទាំងរដ្ឋ Maharashtra បាននិងកំពុងបន្ធូរបន្ថយវិធាននៃការចាក់សោរដែលបានដាក់កាលពីខែមេសា។

គួរបញ្ជាក់ផងដែរថា វ៉ារ្យ៉ង់ថ្មី គឺជាក្តីបារម្ភមួយនៅក្នុងប្រទេសឥណ្ឌាដែលប្រជាជនជាងពាក់កណ្តាលនៅតែមិនទាន់បានចាក់វ៉ាក់សាំង។ ទន្ទឹមនឹងនោះ នៅ Maharashtra ជារដ្ឋមួយដែលមានប្រជាជនប្រមាណ ១២៦ លាននាក់ មានតែប្រមាណ ៣០ លាននាក់ប៉ុណ្ណោះដែលបានទទួលការចាក់ថ្នាំវ៉ាក់សាំងដូសដំបូង៕

អត្ថបទ៖ លីនី
ប្រភព៖ channelnewsasia