មកស្គាល់ដីនៅតំបន់ចំនួន ២ ដែលមានតម្លៃថ្លៃជាងគេនៅទីក្រុងបាងកក
អចលនទ្រព្យ June 22, 2021 Khmernote

ដូចដែលយើងបានដឹងរួចមកហើយថា វីរុសកូវីដ-១៩ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យជាច្រើន ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ។ យ៉ាងណាមិញ បើក្រឡេងទៅមើលប្រទេសថៃ ទោះស្ថិតក្នុងដំណាក់រាតត្បាតដោយវីរុសក៏ដោយ ក៏តម្លៃដីធ្លីក្នុងតំបន់មួយចំនួននៅតែបានថ្លៃ ហើយតំបន់ខ្លះឡើងថ្លៃកប់ពពកទៀតផង។

ជាក់ស្ដែងបើយោងតាមភ្នាក់ងារទទួលបន្ទុកកិច្ចការអចលនទ្រព្យ (AREA) បានឱ្យដឹងថា បើទោះបីជារងការរាតត្បាតដោយវីរុសក៏ដោយក្ដី តម្លៃដីនៅបាងកកនឹងមិនផ្លាស់ប្តូរទេរហូតដល់ដំណាច់ឆ្នាំនេះ ដោយតម្លៃដីជាមធ្យមនៅក្នុងរាជធានីមួយនេះបានកើនឡើង ៤.២%។

ទីភ្នាក់ងារដដែលបានពន្យល់ថា ដីនៅក្នុងតំបន់ Phloen Chit ដល់តំបន់ Siam គឺមានតម្លៃថ្លៃជាងគេ ដោយសារតែ តំបន់នេះមានកន្លែងសម្រាប់សាងសង់អាគារធំៗ មន្ទីរផ្សេងៗ ឬ អគារការិយាល័យ ហើយមាន Skytrain ដែលផ្ដល់ភាពងាយស្រួលសម្រាប់អ្នកធ្វើការក្នុងការធ្វើដំណើរ។

លើសពីនេះទៀត AREA បានបន្ថែមទៀតថា Covid-19 មិនបានប៉ះពាល់ដល់អាជីវកម្មធំៗ នៅតាមតំបន់ផ្លូវដែកទេ ព្រោះជំងឺរាតត្បាតត្រូវបានគេមើលឃើញថាជាវិបត្តិបណ្តោះអាសន្ន។ ប៉ុន្តែទោះយ៉ាងណាក្ដី តម្លៃដីនៅក្បែរស្ថានីយ៍ Phloenchit BTS ឬក្បែរស្ថានីយ Siam មិនសូវបានថ្លៃទេ ខណៈ AREA បានព្យាករណ៍ថា ដីពីស្ថានីយ៍ពហុកីឡដ្ឋានជាតិ នឹងមានតម្លៃថ្លៃជាងប្រសិនបើវាត្រូវបានប្រើប្រាស់សម្រាប់ពាណិជ្ជកម្មកាន់តែច្រើន៕

អត្ថបទ៖ លីនី
ប្រភព៖ nationthailand